មុនទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីងពីង៖ អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យភាគីពាក់ព័ន្ធត្រៀមពង្រឹងសន្តិសុខសណ្តាប់ធា្នប់

ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ី ជីងពីង (Xi Jinping) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៧ និង១៨ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ ដើម្បីរក្សា​បាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយឱ្យបានខ្ពស់បំផុត ជូនគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាដើម្បីឱ្យការបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទទួលបានជោគជ័យ នារសៀលថ្ងៃទី០៨មេសាឆ្នាំ២០២៥នេះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយកងកម្លាំង មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង ក៏ណែនាំ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យរដ្ឋបាលនៅតំបន់មានហានិភ័យ មើលទាំងទីតាំងអាជីវកម្ម ចុះពិនិត្យដល់គោលដៅសំខាន់ៗមួយចំនួន ហើយអ្វីដែលទើសត្រូវធ្វើឱ្យស្អាត មុនប្រតិភូចិនអញ្ជើញមកដល់ គឺអនាម័យ បរិស្ថាន សំរាម ត្រូវតែស្អាតទាំងអស់ចាប់ពីព្រលានយន្តហោះ រហូតដល់កន្លែងស្នាក់នៅ។

គួរបញ្ជាក់ថា ឯកឧត្តម ស៊ី ជីងពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងនោះនៅព្រឹកថ្ងៃទី១៧ ខែមេសា យន្តហោះពិសេសរបស់គណៈប្រតិភូ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនៅថ្ងៃទី១៨ ខែមេសា គណៈ ប្រតិភូជាន់ខ្ពស់នឹងធ្វើមាតុភូមិនិវត្តន៍វិញ ។ មហាជនប្រមាណ២៦០០០នាក់ នឹងចូលរួមឈរទទួលដំណើរឯកឧត្តម ស៊ី ជីងពីង ដោយឈរចាប់ពីក្លោងទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកដល់កន្លែងស្នាក់នៅ៕