នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តជួបសំណេះសំណាល​សួរសុខទុក្ខកងកម្លាំង​ទិសយោធភូមិភាគទី១ ព្រំដែនកម្ពុជា-ឡាវ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី០៧ មេសា ឆ្នាំ២០២៥ បានបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទិសភូមិភាគទី១ ឈរជើងការពារព្រំដែនកម្ពុជា-ឡាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតមកដល់។

នាឱកាសនោះ ឯកឧត្តម អគ្គមេបញ្ជាការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូនកងទ័ព កងនគរបាល កងរាជអាវុធហត្ថ កងវិស្វកម្ម ឈរជើងការពារ និងស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ទិសយោធភូមិភាគទី១។

ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងការកោតសរសើរចំពោះកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមាន កងទ័ព កងនរគបាលជាតិ និងកងរាជអាវុធហត្ថ ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី និងកងវិស្វកម្មអគ្គបញ្ជាការដែលបានលះបង់កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គ ស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តម បានលើកទឹកចិត្តដល់កងកម្លាំងបំពេញការងារនៅតំបន់ព្រំដែន បន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាប់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែនឲ្យជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ធ្វើការទំនាក់ទំនងល្អជាមួយប្រទេសភូមិផងរបងជាមួយ ព្រមទាំងពង្រឹងថែមទៀតនូវប្រព័ន្ធការពាររបស់ខ្លួន។

ឯកឧត្តម បានផ្ដាំផ្ញើដល់កងកម្លាំងកងពលតូចលេខ១២៨ ធ្វើការទប់ស្កាត់ការជួញដូរគ្រឿងញៀន និងជួញដូរមនុស្ស។ ដោយឡែក កងកម្លាំងនគរបាលជាតិ កងកម្លាំងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរពេលខាងមុខ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។

ជាមួយនោះ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បាននាំយកនូវថវិកាមួយចំនួនទៅផ្ដល់ជូនកងកម្លាំងកងទ័ព កងនគរបាលជាតិ កងរាជអាវុធហត្ថ និងកងកម្លាំងវិស្វកម្ម នៅតំបន់ព្រំដែនដើម្បីរួមចំណែកក្នុងការជួបជុំទទួលទានអាហារសាមគ្គី នៅមុន ឬក្រោយនៃវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ៕