ចូលឆ្នាំខ្មែរថ្ងៃទី២ ខេត្តកំពង់​ចាម នឹង​ដាក់លៀ​សហាល​ចំនួន ៣តោន ឲ្យមហាជន​ញ៉ាំ​ដោ​យសេរី

ខេត្តកំពង់ចាម ​នឹងដាក់បង្ហាញលៀសហាល​ ប្រវែង​ ១.០០០ម៉ែត្រ​ លៀស ស្មើនឹងចំនួន​ ៣តោន ឲ្យមហាជនចូលរួមបរិភោគដោយសេរី នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​នឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការដាក់តាំងបង្ហាញនោះ គឺរៀបចំពីមុខ​សាលាខេត្ត​ រហូតដល់វេទិកាអុំទូកមាត់ទន្លេ​ ក្រុងកំពង់ចាម​ នៅថ្ងៃទី​១៥​ ខែ​មេសា​ ដែលជាថ្ងៃទី២​ នៃសង្ក្រាន្តកំពង់ចាម​ ដោយចាប់ផ្តើមពីម៉ោង​២និង៣០នាទីរសៀល​ តទៅ។

នៅទំព័រហ្វេសបុក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសរសេរពន្យល់ថា «លៀសហាល​ ១.០០០ម៉ែត្រ» គឺអត្ថន័យលេខ ១,០០០ មានដូចជា៖

នៅក្នុងអក្សរសាស្រ្ត៖
​ ១.​ លេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា ‘’សហស្ស’’។
​ ២.​ សហស្សគុណ = មានគុណភាពច្រើន។
ឧទាហរណ៍​: ថ្នាំសហស្សគុណ​= ថ្នាំតែមួយមុខ តែអាចព្យាបាលរោគ បានច្រើនមុខ។
៣.​ សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ។

អត្ថន័យ នៅក្នុងវប្បធម៌​ ប្រពៃណី​ និងជីវភាព​ប្រចាំថ្ងៃ ៖
១.​ គាថាពាន់​ (គាថាបាលីសុទ្ធ ចំនួន ១,០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។
២.​ លៀសហាល ជាអាហារ មួយប្រភេទ​ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឲ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១,០០០ ដែរ។

អត្ថន័យ​ នៅក្នុងការដឹកនាំ ​៖
​ ១.​ មានការចូលរួមយ៉ាងច្រើនលើសលប់។
​ ២.​ សាមគ្គីភាព​ និងឯកភាពគ្នា។ ការដាក់បង្ហាញលៀសហាល​ ទំរង់ជាចំណងខ្សែជាប់គ្នា​ ចេញពីចុងខ្សែ២​ ចងភ្ជាប់ជាចំណងតែមួយ​។ ដែលខ្សែទី១​ ជាចំណងឯកភាព​ និងខ្សែទី២​ ជាចំណងសាមគ្គីភាព​ នាំមកនូវភាពសម្បូរសប្បាយ​ រីកចម្រើន​ រុងរឿងរាប់​ពាន់ឆ្នាំ៕