មន្ត្រីកសិកម្មឃុំចំនួន១០០០នាក់ កំពុងពង្រឹងសមត្ថភាពឌីជីថល នៅបណ្ឌិត​សភាបច្ចេកវិទ្យាកម្ពុជា

មន្ត្រីកសិកម្មឃុំ​ចំនួ ១ ០០០នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងទទួល​វគ្គបណ្តុះ​បណ្តាលពង្រឹងសមត្ថភាពឌីជីថល នៅបណ្ឌិតសភា​បច្ចេក​វិទ្យា​កម្ពុជា (CADT) ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និង​ចំណេះដឹងបន្ថែមជូនដល់មន្ត្រីរាជការ អំពីអក្ខរកម្មទិន្នន័យ សន្តិសុខ​សាយប័រ ឯកជនភាពទិន្នន័យ កម្មវិធីផលិតភាពនានា និងវិធានការ​ការពារ​ ទាំងលើឧបករណ៍ និងប្រព័ន្ធអ៊ីនធឺណិត ដើម្បីអាចឱ្យមន្ត្រីរាជ​ការ​បំពេញកិច្ចការរបស់ខ្លួនប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងអាច​ប្រើប្រាស់​ទិន្នន័យជាគោលក្នុងការសម្រេចចិត្តនានា ជាពិសេសចូលរួម​ការកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមគោលនយោ​បាយ​របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនោះ មន្ត្រីកសិកម្មឃុំទាំង ១ ០០០នាក់ ត្រូវបានបែងចែក​ជា​ក្រុម ដើម្បីសិក្សាមុខវិទ្យាចំនួន៣ គឺអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ អក្ខរកម្មទិន្នន័យ និងសន្តិសុខសាយប័រ ដែលការសិក្សានេះទៀតសោត មានរយៈពេល៧ថ្ងៃ សរុប៤៨ម៉ោង។

គួរបញ្ជាក់ថា មន្រ្តីកសិកម្មឃុំមានតួនាទីនិងភារកិច្ច ជួយកសិកក្នុងការដាំដុះកសិផល ឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីធានាឱ្យបាននូវស្ថិរភាពផ្គត់ផ្គង់និងតម្លៃល្អ នាំឱ្យកសិករបានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ និងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

នៅក្នុងឆ្នាំ២០២៥នេះ មន្ដ្រីកសិកម្មឃុំចំនួន ១ ០០០នាក់ នឹងត្រូវដាក់ពង្រាយនៅគ្រប់រាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេសកម្ពុជា បន្ថែមលើមន្ដ្រីកសិកម្មឃុំចំនួន ២៥០នាក់ ដែលមានស្រាប់៕