ចូលឆ្នាំខ្មែរ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹងសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យគណៈបញ្ជាការរាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ត្រូវពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនឹងចូលមកដល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយឆ្នាំនេះកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទូទាំងប្រទេសឱ្យមានលក្ខណៈអធិកអធម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីផង និងដើម្បីទាក់ទាញភ្ញៀវទេសចរផង។

ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំឲ្យពង្រឹងការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋាន ដើម្បីត្រៀមខ្លួនដាក់ចេញនូវចំ ខ្លួនដាក់ចេញនូវចំណាត់ការទប់ស្កាត់ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានចលាចល វឹកវរ និងអសន្តិសុខ ក្នុងសង្គម និងត្រូវយកចិត្តទុកដាក់ចំពោះការការពារសន្តិ​សុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវសហការជាមួយក្រុមហ៊ុនឯកជន និងអាជីវករ ក្នុងការរក្សាតម្លៃម្ហូបអាហារ ភេសជ្ជៈ និងសេវាឱ្យបានសមរម្យ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការរៀបចំរថយន្តក្រុងសាធារណៈជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីទៅតាមបណ្តាខេត្ត និងការវិលត្រឡប់ មកវិញ ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ទី១៧ ខែមេសា ឆ្នាំ២០២៥។ តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលបានជួយសម្រាលបន្ទុកការចំណាយ ក្នុងការធ្វើដំណើររាប់លានដុល្លារជូនប្រជាពលរដ្ឋ៕