ទីម័រឡេស្តេ អរគុណកម្ពុជា ចំពោះការគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១ ​របស់អាស៊ាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេក្ខភាពទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន និងបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់កម្ពុជានេះ ពិតជាមានសារៈសំខាន់ និងមានតម្លៃដ៏ធំធេងណាស់សម្រាប់ទីម័រឡេស្តេ។

ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងទីម័រឡេស្តេ និងកម្ពុជា ព្រមទាំងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់កម្ពុជាចំពោះបេក្ខភាពទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាន និងសង្ឃឹមថា ទីម័រឡេស្តេនឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងពេលឆាប់ៗខាងមុខ។

សម្តេចបវរធិបតីបន្ថែមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្តេ អាចពង្រឹង និងពង្រីកបន្ថែមទៀត ទាំងតាមរយៈក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន។

គួរបញ្ជាក់ថា ក្នុងជំនួបនេះ សម្តេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, កសិកម្ម, ទេសចរណ៍ និងអប់រំ ជាដើម៕