រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីរកដំណោះស្រាយសមស្រប ជុំវិញការដំឡើងពន្ធ ៤៩% លើទំនិញកម្ពុជា

សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយសហរដ្ឋអាម៉េរិកដើម្បីរកដំណោះស្រាយ សមស្របណាមួយ។ សម្ដេចធិបតី បន្តថា បញ្ហានេះអាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ។ ក្នុងន័យនេះ សម្តេច បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ។ សម្តេចបានគូសបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព)

សម្តេចធិបតី បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកបាននិងកំពុងខាតបង់ច្រើនលើការចំណាយនាំចូលទំនិញ ពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះហើយ បានជារដ្ឋបាលប្រធានាធិបតី ឯកឧត្តម ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធនាំចូលឆ្លើយតប (Reciprocal Tariffs)លើបណ្តាប្រទេសដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្ម។

ជាក់ស្ដែង កម្ពុជា ឡាវ និងវៀតណាម ត្រូវទទួលរងនូវអត្រាពន្ធនាំចូលក្នុងកម្រិត ៤៩%, ៤៨%, និង៤៦% រៀងគ្នា ដោយសារសហរដ្ឋ អាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មក្នុងកម្រិត ៩៧% ជាមួយកម្ពុជា ៩៥% ជាមួយឡាវ និង ៩០% ជាមួយ វៀតណាម។ ដូច្នេះ ការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ មិនមែនជាការឆ្លើយតបទៅនឹងអត្រាពន្ធនាំចូលដែល ប្រទេសទាំងនោះបានដាក់លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនោះទេ ហើយការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ ទៀតសោត មានត ៥០% នៃអត្រាដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ តែប៉ុណ្ណោះ។

គួរជម្រាបថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញពីប្រទេសកម្ពុជា ចំនួន៤៩% កាលពីថ្ងៃទី២ ខែមេសា ដើម្បីឆ្លើយតបនឹងពន្ធរបស់កម្ពុជា ដែលបានដាក់លើសហរដ្ឋអាម៉េរិក ចំនួន៩៧%៕