ករណីអាមេរិកដំឡើងពន្ធ! TAFTAC កំពុងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយឲ្យបានឆាប់

ករណី​សហរដ្ឋ​អាមេរិក​ដំឡើង​ពន្ធ​លើ​ទំនិញ​ពី​កម្ពុជា ៤៩% សមាគម​វាយនភណ្ឌ សំលៀក​បំពាក់ ស្បែកជើង និង​ផលិត​ផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) ស្នើ​ឲ្យ​សមាជិក​របស់​ខ្លួន កម្មករ​និយោជិត និង​សាធារណជន ​រក្សា​ភាព​ស្ងប់​ស្ងាត់​នឹងន ខណៈ​រដ្ឋាភិបាល​និង​ភាគី​ពាក់​ព័ន្ធ​កំពុង​ពិភាក្សា​រក​ដំណោះ​ស្រាយ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានអំពាវនាវដល់កម្មករនិយោជិត និងសាធារណជនទាំងអស់ រក្សាភាពស្ងប់ស្ងាត់ ចំពោះការប្រកាសដំឡើងពន្ធលើទំនិញ លើផលិតផលកម្ពុជា របស់អាមេរិក។

ជាមួយគ្នានេះ សមាគមបានអះអាងថាខ្លួននឹងបន្តធ្វើការវិភាគពីផលប៉ះពាល់នេះ និងធ្វើការជាមួយរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធដើម្បីរកដំណោះស្រាយនានា តាមដែលអាចធ្វើទៅបាន។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ សមាគម TAFTAC មានសេចក្តីថ្លែងការណ៍ចំនួន៥ចំណុច ៖
១៖ សមាគមសូមឱ្យសមាជិក កម្មករនិយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងន។ ការប្រកាសរបស់ លោកប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើងមិនទាន់បាន២៤ម៉ោងនៅឡើយទេ ហើយយើងកំពុងវិភាគទៅលើផល ប៉ះពាល់ដែលអាចនឹងកើតឡើងចេញពីការប្រកាសភ្លាមៗនេះ។ សមាគមនឹងធ្វើការជាមួយរាជរដ្ឋាភិបាល និងគ្រប់ ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយនានា ដើម្បីដោះស្រាយបញ្ហានេះឆាប់ៗតាមដែលអាចធ្វើទៅបាន។
២៖ ក្នុងកម្រិតដែលបានប្រកាសដំឡើង អត្រាពន្ធសរុបសម្រាប់កម្ពុជារួមទាំងប្រទេស ដែលជាដៃគូប្រកួតប្រជែងក្នុង វិស័យដូចគ្នា គឺមិនមានភាពខុសគ្នាខ្លាំងដែលនាំឱ្យកម្ពុជាបាត់បង់ឱកាសទាំងស្រុង ក្នុងការប្រកួតប្រជែងនោះទេ ជាក់ស្តែង ប្រទេសចិនទទួលរងនូវការដំឡើងបន្ថែមក្នុងអត្រាសរុប៧៩% (ដំឡើងចំនួន៤លើក) កម្ពុជា៤៩% វៀតណាម ៤៦% មីយ៉ាន់ម៉ា ៤៥% ។
៣៖ សមាគមសង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពនឹងមានការប្រែប្រួលបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរជួបពិភាក្សា និងចរចាគ្នា។
៤៖ សមាគម និងរាជរដ្ឋាភិបាល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធបាន និងកំពុងបន្តសហការគ្នាលើការកែលម្អបរិយាកាស វិនិយោគនិងធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យបានកាន់តែខ្ពស់បន្ថែមទៀត។
៥៖ សមាគមនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តកាត់បន្ថយការចំណាយក្នុងការធ្វើអាជីវកម្ម ដូចជាថ្លៃភស្តុភារ និងថ្លៃអគ្គិសនីជាដើម៕