ភ្លាមៗក្រោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ា ក្នុងលទ្ធផល២ទល់០ នារាត្រីថ្ងៃ អាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់ ដោយប្រគល់ភារកិច្ចជូនលោក ខៀវ សាម៉េត អនុប្រធានសហពន្ធ័ជាប្រធានស្តីទី។
ក្នុងហ្វេកបុកផេក នាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរថា៖ បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games ខ្ញុំគោរពនូវការសន្យា ដើម្បីបង្ហាញ នូវស្មារតីទទួលខុសត្រូវ ខ្ញុំសូមប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាចាប់ពីរាត្រីថ្ងៃ អាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំសូមប្រគល់ជូនលោកឧ.ខៀវ សាម៉េត អនុប្រធានស.ប.ក ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ។
នាយឧត្តមសេនីយ៍ សៅ សុខា បានអរគុណរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងបងប្អូនដែលបានបញ្ចេញមតិគាំទ្រឯកឧត្តម អោយបន្តតំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានសូមអភ័យទោសដែលពុំអាចនាំកិត្តិយសជូនជាតិបានតាមរយះការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។