សពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងត្រូវដង្ហែចេញពីគេហដ្ឋាននៅវេលាម៉ោង៧ព្រឹកស្អែកនេះ ឆ្ពោះទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ក្នុងខណ្ឌព្រែកព្នៅ បន្ទាប់ពីបានរៀបចំពិធីតម្កល់សព និងធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី រយៈពេល៧ថ្ងៃ នៅគេហដ្ឋានលេខ១៧ ផ្លូវលេខ៣៣៥ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះថា៖ ថ្ងៃស្អែកបែកគ្នា! ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះនិងបន្តរហូតយកទៅបញ្ចុះ
នៅព្រឹកស្អែក២មេសា២០២៥ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ៧ថ្ងៃនិង១០០ថ្ងៃនៅល្ងាចស្អែកនិងបញ្ចប់នៅព្រឹកខាន ស្អែក៣មេសា២០២៥។ ខ្ញុំយំនិងស្រក់ទឹកភ្នែករាល់ថ្ងៃរាល់យប់នឹកអាណិតបងប្រុស។ថ្ងៃសំអាតខ្លួនបងប្រុសមុនពេលបញ្ចូលមឈូសខ្ញុំយំដោយនិយាយខ្លាំងៗថា(ឲ្យខ្ញុំសូមទោសមកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ខ្ញុំបានជួយជីវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន)។ រឿងដែលធ្វើឲ្យខ្ញុំកាន់តែសង្វេគគឺក្មួយស្រីខ្ញុំម្នាក់កំពុងជួលផ្ទះគេនៅកូនៗមិនបានចូលរៀនពេញលេញ។ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុកដែលបានប្រាប់កូនៗថាកុំទៅ(រំខានពូរបស់ពួកឯង)។ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ?នេះមកពីខ្ញុំមិនដឹង។បងប្រុសថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះទៅក្នុងព្រះធរណីជាមួយបងស្រីដែលពួកបងបែកគ្នា១២ឆ្នាំហើយនិងបានជួបគ្នាវិញដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ។យើងលែងបានជួបគ្នាជារៀងរហូតតែខ្ញុំនៅជំពាក់បំណុលបងច្រើនណាស់ដែលខ្ញុំត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗនិងចៅៗរបស់បង។
សូមជម្រាបថា ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុងច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧នាទី ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ៕

