ក្រសួងកសិកម្ម និងសមាគមជប៉ុន-កម្ពុជា ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលេីវិស័យកសិកម្ម

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលេីវិស័យកសិកម្ម។

ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូជប៉ុនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលេីវិស័យកសិកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងពិភាក្សាពីការងារគម្រោងវិនិយោគលេីការកែច្នៃគ្រឿងសម្អាង កែច្នៃខ្នុរជាទឹកស៊ីរ៉ូ និងការធ្វេីវារីវប្បកម្មត្រីទីឡាព្យា សំដៅជំរុញការកែច្នៃក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ថា កម្ពុជាមានកសិផលសក្តានុពលជាច្រេីនដូចជា អង្ករប្រណិត ម្រេច ស្ករត្នោត និងស្វាយចន្ទី ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ដែលភាគីជប៉ុនអាចពិចារណាក្នុងការវិនិយោគកែច្នៃជាមួយនឹងតម្លៃបន្ថែមខ្ពស់ ហេីយក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស ប្រការសំខាន់ត្រូវចេះបង្កេីតស្លាកយីហោល្អ និងមានការធ្វេីទីផ្សារត្រឹមត្រូវ។

ឯកឧត្តមរដ្ឋលេខាធិការ បានលេីកឡេីង ពីកម្មវិធីវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា(CAFE25) ហេីយបានអំពាវនាវដល់គណៈប្រតិភូជប៉ុន ឲ្យចូលរួមព្រឹត្តិការណ៍នេះដើម្បីស្វែងយល់ និងស្វែងរកនូវសក្ដានុពលវិនិយោគបន្ថែមទៀត៕