អគ្គីភ័យឆេះឃ្លាំងនៅស្រុកអង្គស្នួល ព្រឹកមិញបង្កឡើងដោយផ្ទុះធុងហ្គាស់ចេញពីឃ្លាំងផ្ទុកសម្ភារៈជ័រ ផ្លាស្ទីក

ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យទីតាំង ឆេះឃ្លាំងស្តុក សម្ភារៈជ័រធ្វើស័ង្កសី និងផ្ទះប្រជាពលរដ្ឋ ដែលបានកើតហេតុតាំងពីវេលាម៉ោង៩:៥០នាទី នៅចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ 

តាមរបាយការណ៍បឋម៖ អគ្គិភ័យនេះបានបណ្តាលឲ្យ ឆេះឃ្លាំងរោងចក្រ ចំនួន០៣ឃ្លាំង និងឆេះផ្ទះប្រជាពលរដ្ឋ ចំនួន០៤ខ្នង។ ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងបានគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង១៤:០៥នាទីរសៀលនៃថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៤៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១៣ឡាន ដោយមានរថយន្តចូលរួមជួយពីក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល, អង្គភាព៩១១, អង្គភាព៧១១, អង្គភាព១១៩, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, តំបន់សេដ្ឋកិច្ចកាណាឌីយ៉ា, បូរីសង្ឃឹមថ្មី, ក្រុមហ៊ុនខ្មែរប៊ូប៊ើរីជីស។

ចំពោះករណីខាងលើនេះ បង្កឡើងដោយ ផ្ទុះធុងហ្គាស់ចេញពីឃ្លាំងផ្ទុកសម្ភារៈជ័រ ផ្លាស្ទីក និងមិនបានបង្កឱ្យមានអ្នករងរបួសទេ។