ហ្វេសប៊ុក និង តិកតុក គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាព និងសំខាន់ ក្នុងការចែកចាយព័ត៌មាន ដែលក្នុងនោះមានទាំងព័ត៌មានពិត និងក្លែងក្លាយ ជាហេតុធ្វើអោយអ្នកប្រើប្រាស់ទូទៅ ជាពិសេសយុវវ័យពិបាកបែងចែករវាងព័ត៌មានពិត និងមិនពិត ។ នេះជាប្រសាសន៍លើកឡើងរបស់សឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយ គឺជាបញ្ហាចំបងដែលបន្តកើតមានជារៀងរាល់ថ្ងៃ ធ្វើអោយប៉ះពាល់ដល់ជំនឿទុកចិត្តពីមហាជន និងបង្កជាភាពចលាចលក្នុងសង្គម ។
ឯកឧត្ដមបញ្ជាក់ថា បច្ចុប្បន្ន ហ្វេសប៊ុក និង តិកតុក បានដើរតួយ៉ាងសំខាន់បំផុតក្នុងការចែកចាយព័ត៌មាន លឿន រហ័ស ប៉ុន្តែយ៉ាងណាក៏ដោយ វាក៏ជាបណ្ដុំនៃព័ត៌មានក្លែងក្លាយផងដែរ ពោលគឺមានទាំងព័ត៌មានពិត និងក្លែងក្លាយ នៅលាយឡំគ្នា ធ្វើអោយអ្នកប្រើប្រាស់ភាគច្រើនជាពិសេសយុវវ័យ ពិបាកបែងចែក រវាងព័ត៌មានពិត និងក្លាយ ។
ឯកឧត្ដម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយដែលគេបង្កើតឡើងមានចរិតញុះញង់ បំផ្លាញសង្គម កេញចំណេញនយោបាយ ធ្វើអោយមានការយល់ច្រឡំ ។ ដូច្នេះហើយ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» មានគោលបំណងផ្លាស់ប្តូរឥរិយាបទ របស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា សំដៅធានាឱ្យបាននូវសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាននេះ គឺក្រសួងព័ត៌មាន ផ្តោតទៅលើគោលសំខាន់៣ ទី១៖ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ទី២៖ គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ ទី៣៖ សុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ កិច្ចការងារនេះ គឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម ៕




