ជាអ្វីដែលពលរដ្ឋចង់បាន! ខេត្តកំពង់ធំចាប់ផ្តើម «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ៦»

សូមសរសើរណាស់ ដើម្បីបង្កើតសោភណភាពតាមផ្លូវជាតិ ខេត្តកំពង់ធំបានចាប់ផ្តើមនូវ «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ ៦» នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលជាផ្លូវឆ្លងកាត់ដ៏សំខាន់ទៅកាន់ខេត្តសៀមរាប។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រោមការគាំទ្រពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំបានចាប់ផ្តើមដឹកនាំអនុវត្តជាជំហានៗ ជាមួយការប្រមូលកៀរគរកម្លាំងសរុប និងមធ្យោបាយសរុបពីគ្រប់មជ្ឈដ្ឋាន នូវ «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ ៦ » នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាប ប្រវែងសរុប ១៤៤ km ឱ្យបានរួចរាល់ទាំងស្រុង នៅត្រឹមដំណាច់ឆ្នាំ២០២៦ ខាងមុខ។ 

ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ អភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា គម្រោងដ៏ធំនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធានាភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅពេលមេឃងងឹត និងចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ ៦ ព្រមទាំងដើម្បីពង្រឹងការងារសន្តិសុខផងដែរ។