បើគ្មានអ្វីប្រែប្រួលទេ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា និងប្រទេសអាស៊ានពីរទៀត នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៥នេះ។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងទៅកាន់អាស៊ីអាគ្នេយ៍ របស់ប្រធានាធិបតីចិនដ៏មានឥទ្ធិពលនាឆ្នាំនេះ។
សារព័ត៌មាន South China Morning Post នៅថ្ងៃទី៣១ ខែមីនាបានស្រង់ប្រភពពីមន្រ្តីការទូតចិន ឲ្យដឹងថា លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅពាក់កណ្តាលខែមេសា ទៅកាន់វៀតណាម ម៉ាឡេស៊ី និងកម្ពុជា។ ក្នុងនោះ លោក ស៊ី ត្រូវបានរៀបចំឱ្យបំពេញទស្សនកិច្ចនៅម៉ាឡេស៊ីរយៈពេល ៣ថ្ងៃ។ ប្រទេសម៉ាឡេស៊ី ដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ និងរក្សាទំនាក់ទំនងមិត្តភាពជាមួយចិន។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន។
ចំណែកវៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងអាស៊ាន ដែលស្មើនឹង ២៥.៥% នៃទំហំពាណិជ្ជកម្មអាស៊ានសរុបគិតត្រឹមឆ្នាំ២០២៣។ ដោយឡែក កម្ពុជាគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រទេសម្ចាស់ជំនួយសម្រាប់ប្រទេសចិន ដែលចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។
ដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍នេះ ត្រូវបានគេមើលឃើញថា អាស៊ាន ជាកូនក្រមុំដ៏ស្រស់ស្អាត ដែលកំពូលមហាអំណាចតែងមកចែចូវ ពិសេស មុនការប្រជំអាស៊ានម្តងៗ ។ ឆ្នាំនេះ ម៉ាឡេស៊ីជាប្រធានអាស៊ាន ។ មហិច្ឆតារបស់ ចិនគឺការតភ្ជាប់ស្ពានដ៏វែងអន្លាយពីវៀតណាមទៅម៉ាឡេស៊ី ឆ្លងកាត់ឈូងសមុទ្រថៃ ហើយជាការជំរុញឲ្យម៉ាឡេស៊ី សាងសង់កំពងផែទឹកជ្រៅ ដ៏ធំមួយនៅសមុទ្រម៉ាការ នេះជាគំរោងធំ បន្ទាប់ពីទន្លេក្រារបស់ថៃ៕
អត្ថបទ៖ អក្ខរា
