អភិបាលខេត្តកំពង់ចាម៖ មុននឹងចាកចេញទៅខ្ញុំចង់បង្កើតអនុស្សាវរីយ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទសម្រាប់បន្តវេន

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា «មុននឹង ចាកចេញទៅខ្ញុំចង់បង្កើតអនុស្សាវរីយ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់ បន្តវេនក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។ ការថ្លែងបែបនេះក្នុងឱកាស»។

ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការ ស៊ីវិល នៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។

លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ ទាំងអស់ ត្រូវពង្រឹងសមត្ថភាពដឹកនាំរបស់ខ្លួនជាប្រចាំ តាមរយៈការសិក្សា និងមធ្យោបាយនានា ពោលគឺត្រូវបណ្តុះអ្នកដឹកនាំបន្តវេន ឱ្យបានកាន់តែច្រើន ដោយណែនាំមន្ត្រីឱ្យគោរពពេលវេលាធ្វើការ ត្រូវបង្កើនសមត្ថភាពផ្ទាល់ខ្លួន និងត្រូវពង្រឹងប្រសិទ្ធភាពការងារប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។

ជាមួយគ្នានោះ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ភាពជាថ្នាក់ដឹកនាំ ត្រូវដឹកនាំតាមបែប សិល្បៈ ធ្វើយ៉ាងណាត្រូវជំរុញមន្ត្រីក្រោមឱវាទឱ្យចេះធ្វើការ ឱ្យមានធនធានសម្រាប់ធ្វើការងារ និងឱ្យមន្ត្រីចេះសម្រេចចិត្តអារកាត់ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព នៃការងារ ក្រៅពីនោះត្រូវដឹកនាំមន្ត្រី ឱ្យខិតខំរួមគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសើរផងដែរ។