គិតត្រឹមវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពលករខ្មែរម្នាក់ បានរកឃើញថា ស្លាប់ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ជនរងគ្រោះ មានឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
នារសៀលថ្ងៃទី៣១ ខែមីនា នេះ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអញ្ជើញទៅដល់មន្ទីរពេទ្យតម្កល់សពដោយផ្ទាល់ រួមជាមួយសាច់ញាតិនៃសព និមន្តព្រះសង្ឃស្វាធ្យាយតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា មុននឹងដឹកសពចេញដំណើរឆ្ពោះមកស្រុកកំណើតវិញ។
ដោយឡែក ក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ និងមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែន ជួយសម្រួលឯកសារផ្សេងៗ រង់ចាំទទួលសព និង កំពុងរៀបចំពិធីបុណ្យសពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅឯគេហដ្ឋាននៃសពផងដែរ។

គួររម្លឹកថា ក្រោយកើតមានគ្រោះរញ្ជួយដីនៅប្រទេសថៃ ភ្លាមៗ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូត ឱ្យចុះទៅផ្ទាល់ដល់កន្លែង កើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងតាមដានស្ថានភាពជាប្រចាំ ជាពិសេសពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរនៅទីនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ប្រទេសថៃ បានទទួលរងឥទ្ធិពលគ្រោះរញ្ជួយនៅកម្រិត៧.៧រ៉ិចទ័រ នៅឯប្រទេសមីយ៉ាន់ម៉ា។ នៅទីក្រុងបាងកក អគារមួយខ្នងកម្ពស់៣០ជាន់ ដែលកំពុងសាងសង់ សម្រាប់បម្រើជាការិយាល័យសវនកម្មរបស់រដ្ឋាភិបាល បានដួលរលំ នៅសង្កាត់ Chatuchak ហើយផ្តាច់ជីវិតកម្មករយ៉ាងហោច១០នាក់ ខណៈប្រហែល៨០នាក់ទៀត នៅបន្តបាត់ខ្លួន។
ក្រៅពីនេះ ក៏មានមនុស្ស៧នាក់ទៀត បាត់បង់ជីវិត នៅកន្លែងផ្សេងទៀត ក្នុងទីក្រុងបាងកកផងដែរ ភាគច្រើននៅតាមការដ្ឋានសាងសង់។ ក្រោយរញ្ជួយដីនោះ មានសេចក្តីរាយការណ៍សរុបចំនួន២០០០ករណី ទាក់ទងនឹងស្ថានភាពខូចខាតតាមអគារ និងហេដ្ឋារចនាសម្ព័ន្ធ នៅបាងកក៕

