ក្រសួងអប់រំ មិនអនុញ្ញាតឲ្យលេងជះទឹក និងប៉ាតម្សៅ នៅក្នុងកម្មវិធីសង្រ្កាន្តតាមសាលារៀន​

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយ ចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ ជាដើម ខណៈតាមគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជននានា ត្រៀមរៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងបាតុភាពផ្សេងៗ នៅក្នុងឱកាសត្រៀមអបអរសាទរតាមរយៈសង្ក្រាន្តតាមគ្រឹះស្ថានសិក្សា និងថ្ងៃប្រារព្ធ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏ណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ត្រូវបង្កលក្ខណៈឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជនយើង លេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ និងល្បែងប្រជាប្រិយ ខ្មែរមួយចំនួន ដូចជា ល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម។

បន្ថែមលើសនេះ ក្រសួង ក៏បានណែនាំដល់ លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ជួយជំរុញលើកទឹកចិត្ត និងសម្របសម្រួល ឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរទាំងឡាយ ដូចក្នុងចំណុចទីមួយ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ សហការជិតស្និទ្ធជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់ និងទទួល ព័ត៌មាន ដើម្បីរួមគ្នាទប់ស្កាត់និង ដោះស្រាយបញ្ហាទាន់ពេលវេលា៕