សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាសភាតំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » ដែលប្រារព្ធធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានផ្តល់អនុសាសន៍មួយចំនួនក្នុងការចូលរួមចំណែកសម្រាប់ការពិភាក្សា និងយកទៅអនុវត្តនៅក្នុងការគិតគូរដោស្រាយបញ្ហាជំងឺមិនឆ្លងទំាងក្នុងកម្រិតជាតិនិងកម្រិតអន្តរជាតិ។

ក្នុងឱកាសនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានជំរុញឲ្យបន្តកិច្ចសហប្រតិបត្តិការតំបន់លើការងារជំងឺមិនឆ្លង តាមរយៈការសន្ទនា ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការចែករំលែកចំណេះដឹង និងការអនុវត្តសកម្មភាពរួម។ ដើម្បីសម្រេចបានសហគមន៍អាស៊ានយកប្រជាជនជាស្នូល យើងត្រូវកសាងសង្គមអាស៊ាន ដែលប្រជាជនមានចំណេះដឹង សមត្ថភាព និងសុខភាពល្អ។ ក្នុងន័យនេះ យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការ ការបែងចែកធនធាន និងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់សន្តិសុខសុខភាពតំបន់ និងសាកល។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើដល់អ្នកពាក់ព័ន្ធត្រូវកសាងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធថែមទៀត រវាងស្ថាប័នជាតិ ស្ថាប័នអនុតំបន់ តំបន់ និងសាកល ដូចអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះ បានសរបញ្ជាក់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងអន្តរស្ថាប័ន អន្តរសភា និងដៃគូអភិវឌ្ឍន៍ចម្រុះ។ អាស៊ានត្រូវធ្វើកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ជាមួយស្ថាប័នតំបន់ និងស្ថាប័នសាកលនានា ដូចជា វេទិកា សមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) អង្គការសុខភាពពិភពលោ ក (WHO) មជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ជាដើម ដើម្បីកសាងភាពជាដៃគូដ៏រឹងមាំ ហើយធន់ ក្នុងការដោះស្រាយបញ្ហាជំងឺមិនឆ្លង។

ជាមួយគ្នា សម្តេច ក៏ផ្តល់អនុសាសន៍ ឲ្យត្រូវរកដំណោះស្រាយជាប្រព័ន្ធ និងមាននវានុវត្តន៍ ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការសាកល ការវិនិយោគលើការស្រាវជ្រាវ និងការប្រមូលទិន្នន័យវិទ្យាសាស្រ្ត និងការធ្វើសមាហរណកម្មជំងឺមិនឆ្លង ក្នុងប្រព័ន្ធថែរក្សាសុខភាពបឋម ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការកៀរគរធនធានហិរញ្ញវត្ថុឱ្យមាននិរន្តរភាព និងការប្រើប្រាស់វិធានអន្តរវិស័យ។ យើងទាំងអស់គ្នាត្រូវលើកកម្ពស់គោលនយោបាយ និងជំរុញឥរិយាបថរស់នៅដោយមានសុខភាពល្អ និងលុបបំបាត់ជាអតិបរមានូវដើមចមសង្គមដែលបង្កឱ្យមានជំងឺមិនឆ្លង។
គួរបញ្ជាក់ថា សិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន » រៀបចំឡើងដោយគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា សហការជាមួយដៃគូជាច្រើននៅក្នុងនោះមានក្រសួងសុខាភិបាលកម្ពុជា វេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា មជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ជាដើម។
វាគ្មិនសំខាន់ៗជាច្រើនបានអញ្ជើញចូលរួមធ្វើបង្ហាញ ចែករំលែកបទពិសោធន៍ ដល់អង្គសិក្ខាសាលា។ នេះជាលើកទី២ហើយ នៅក្នុងនីតិកាលទី៧ ដែលរដ្ឋសភាកម្ពុជា បានរៀបចំសិក្ខាសាលាសភាតំបន់បែបនេះឡើងក្នុងការចូលរួមចំណែកទប់ស្កាត់និងបង្ការជំងឺមិនឆ្លងជូនប្រជាពលរដ្ឋ៕

