ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសមិនទទួលយកការចាត់ចំណាត់ថ្នាក់អប់រំរបស់កម្ពុជានៅលេខរៀងទី១២០ ក្នុងចំណោមប្រទេសលើសកលលោក នៅក្នុងគេហទំព័រ World Population Review 2025។
សេចក្តីថ្លែងការណ៍ របស់ក្រសួងអប់រំ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រសួងចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះមិនទាន់ត្រូវបាន ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបាននៅឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំ។
ក្រសួងអប់រំ បានបញ្ជាក់ថា ការចាត់ចំណាត់ថ្នាក់អប់រំរបស់ World Population Review បានធ្វើឡើងតាមរយៈការស្ទង់មតិ មនុស្សរាប់ពាន់នាក់នៅទូទាំង ៧៨ប្រទេស បន្ទាប់មកដាក់ចំណាត់ថ្នាក់ប្រទេសទាំងនោះ ដោយផ្អែក លើការឆ្លើយតបនៃការស្ទង់មតិនេះ។ ការស្ទង់មតិផ្នែកអប់រំបានផ្ដោតលើចំណុច ៣ រួមមាន៖ ប្រព័ន្ធអប់រំ សាធារណៈដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ, ការចូលរៀននៅសកលវិទ្យាល័យនៅទីនោះ និងការអប់រំ ប្រកបដោយគុណភាពខ្ពស់។ វិធីសាស្ត្រនៃការចាត់ចំណាត់ថ្នាក់អប់រំផ្អែកលើការស្ទង់មតិ និងយល់ឃើញ ជាសាធារណៈបែបនេះ ក៏កំពុងត្រូវបានពិនិត្យ និងច្រានចោលដោយក្រុមជំនាញរបស់ប្រទេសមួយចំនួន ផងដែរ។ ជាក់ស្ដែង ការវាយតម្លៃរបស់ World Population Review បានចាត់ចំណាត់ថ្នាក់អប់រំនៅប្រទេស ទីម័រខាងកើតប្រសើរជាងប្រទេសម៉ាឡេស៊ី ខណៈពេលដែលប្រទេសទីម័រខាងកើតកំពុងប្រឈមនឹង បញ្ហាជាច្រើនក្នុងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។ ប្រទេសទីម័រខាងកើតនៅពុំទាន់បានចូលរួម អនុវត្តកម្មវិធីអន្តរជាតិស្ដីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) នៅឡើយ ខណៈពេលដែល ប្រទេសម៉ាឡេស៊ីឈានមុខទាំងផ្នែកបរិមាណ និងគុណភាពលើវិស័យអប់រំ ជាពិសេសលទ្ធផលនៅក្នុង រង្វាយតម្លៃអន្តរជាតិ PISA ដូចគ្នានេះដែរ ការចាត់ចំណាត់ថ្នាក់អប់រំរបស់ប្រទេសឡាវប្រសើរជាង ប្រទេសថៃ ខណៈដែលប្រទេសឡាវមិនទាន់បានចូលរួមក្នុងរង្វាយតម្លៃអន្តរជាតិ PISA ហើយប្រទេសថៃ បានចូលរួមពេញលេញ និងមានសាកលវិទ្យាល័យជាច្រើនដែលមានការទទួលស្គាល់ទាំងកម្រិតតំបន់ និងអន្តរជាតិ។ ប្រទេសឡាវ និងទីម័រខាងកើត មិនមានភាពល្អប្រសើរជាងប្រទេសកម្ពុជា និងប្រទេសថៃ នៅឡើយទេ ទាំងការអប់រំចំណេះទូទៅ និងឧត្តមសិក្សា។
មួយវិញទៀត ជាលក្ខណៈវិទ្យាសាស្ត្រ ការចំណាត់ថ្នាក់អប់រំជាលក្ខណៈអន្តរជាតិ ត្រូវធ្វើឡើងដោយពិនិត្យលើកត្តា ជាច្រើនទៀត។
បើតាមក្រសួងអប់រំ ជារួម ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ វិស័យអប់រំសម្រេចបានវឌ្ឍនភាពទាំងបរិមាណ និង គុណភាព។ ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមានដែលទាមទារឱ្យភាគីពាក់ព័ន្ធគ្រប់រូបធ្វើការរួមគ្ន ដើម្បីបន្តពង្រឹងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាបន្ថែមទៀត៕
