សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញសង្គម បន្ទាប់ពីបងប្រុសទី១គឺឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ក្នុងសារលើបណ្តាញសង្គមសម្តេចតេជោ បានលើកឡើងថា ទោះបីជាមិនចង់ទទួលក៏ដោយ ក៏ត្រូវទទួលស្គាល់ការពិតនេះ។ គ្រួសារបានខិតខំអស់លទ្ធភាពដើម្បីព្យាបាលបងប្រុស។
កាលពីពេលបងទីពីរទទួលមរណភាព គ្រួសារមិនហ៊ានផ្តល់ដំណឹងដល់បងទីមួយ ព្រោះគាត់កំពុងព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ ក៏ប៉ុន្តែបងទីមួយបានដឹងដោយខ្លួនឯង និងមានអារម្មណ៍សោកសៅខ្លាំង។
១២ឆ្នាំមុន(២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់សម្តេចក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាព ព្រោះពេលនោះឪពុករបស់សម្តេចក៏កំពុងឈឺធ្ងន់ផងដែរ។ លើកនេះ ពេលបងទី១ ទទួលមរណភាពភរិយារបស់សម្តេចដែលជាប្អូនថ្លៃបានដឹង តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការលះបង់ដ៏ថ្លៃថ្លារបស់បងប្រុសរបស់សម្តេច ដែលបានបោះបង់ការសិក្សានៅអនុវិទ្យាល័យសម័យនោះ ដើម្បីជួយឪពុកម្ដាយធ្វើស្រែចម្ការ ដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសខ្លួនសម្តេចផ្ទាល់ ទទួលបានការសិក្សានៅរាជធានីភ្នំពេញ។
សម្តេចតេជោបន្ថែមថា បងទីមួយមានបំណងធំនៅក្នុងជីវិតគឺការចងក្រងផែនទី ដែលសព្វថ្ងៃហៅថា “មន្ត្រីសុរិយោដី”។សម្តេចតេជោបានបញ្ចាក់ថា “កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិដែលមិនអាចចៀសវាងបាន”។





