ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បង្ហាញនូវជំនឿជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយនិរន្តរភាព យូរអង្វែងរវាងកងទ័ពកម្ពុជា-ថៃ និងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត តាមទស្សនៈរួមរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

ការគូសបញ្ជាក់របស់អគ្គមេបញ្ជាការ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក វរសេនីយ៍ឯក កនវរានន្ទ ក្លាន់ព្រំសុវណ្ណ មន្ត្រីការិយាល័យសេនានុព័ន្ធថៃប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការអរគុណចំពោះសេនានុព័ន្ធថៃ ដែលបានមកជូនពរឆ្នាំថ្មីនាឱកាសនេះ ហើយនេះបង្ហាញពីមនោសញ្ចេតនា ស្រឡាញ់រាប់អានគ្នា និងពង្រឹងនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ក្នុងភាពជាអ្នកជិតខាងល្អ៕


