សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹករឿង ៤ឆ្នាំមុនដឹកនាំរៀបចំការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩ ឆ្លងរីករាលដាលនៅក្នុងសហគមន៍

តាមរយៈសំណេរលើបណ្តាញសង្គម Facebook សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះរូបភាពមួយសន្លឹកកាលពី ៤ឆ្នាំមុនរៀបចំពេទ្យព្យាបាលជំងឺកូវីដ១៩ ដោយសម្តេចបញ្ជាក់ថា មួយភ្លែតសោះ ៤ឆ្នាំកន្លងផុតទៅហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា រូបថតនេះ គឺក្នុងពេលដែលសម្តេចកំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ (អតីតមន្ទីរពេទ្យស្ត្រី នគរទេព) ដើម្បីប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលជំងឺ១៩ នៅសណ្ឋាគារ The Great Duke។ 

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាល់ថា៖ «ខ្ញុំនៅចាំច្បាស់ថានៅពេលនោះ គឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលមិនច្បាស់លាស់អំពីអនាគតរបស់ប្រទេសជាតិ និងប្រជាជនយើងនៅឡើយ នៅក្នុងដំណាក់កាលដែលមានការឆ្លងនិងស្លាប់មនុស្សជាច្រើននៅតាមបណ្ដាប្រទេសនានាលើសាកលដោយសារជំងឺកូវីដ១៩។ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ពេលនោះគឺជាដំណាក់កាលដំបូងនៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ដែលមានអ្នកឆ្លងកើនឡើងយ៉ាងលឿន។ ជាក់ស្ដែងនៅរាជធានីភ្នំពេញមានអ្នកឆ្លងជំងឺកូវីដ១៩ រាប់រយនាក់ក្នុងមួយថ្ងៃ ដែលមន្ទីរពេទ្យរបស់យើងមិនអាចរ៉ាប់រងបាន»។

សម្តេចធិបតីបានរំលឹកថា ទោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់អំពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ នាពេលនោះក៏ដោយ អ្វីដែលច្បាស់សម្រាប់សម្តេចនាពេលនោះគឺ បើយើងនៅស្ងៀមមិនធ្វើអ្វីសោះ បញ្ហានិងមិនរលាយបាត់នោះទេ។ ផ្ទុយទៅវិញបញ្ហាអាចវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរទៅទៀត។  ហេតុដូច្នេះយើងមិនមានជម្រើសអ្វីក្រៅអំពីការប្រឈមផ្ទាល់ជាមួយនឹងបញ្ហា ហើយខិតខំចូលរួមដោះស្រាយទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន រួមទាំងការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល និងពេទ្យព្យាបាលកម្រិតធ្ងន់សម្រាប់ព្យាបាលនិងសង្គ្រោះជីវិតប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាននៅពេលនោះ៕