អាជ្ញាសាលាព្រមានចាត់វិធានការច្បាប់ប្រសិន លោក ឌួង ឆាយ មិនប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ឲ្យទៅអ្នកស្រី ដេត ម៉ាលីណា(ជាម្តាយ)ក្នុងរយ:ពេល៧ថ្ងៃ ខាងមុខនេះ ព្រោះអាជ្ញាសាលាយល់ថាទង្វើរនេះ បានធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចតុលាការ។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាសាលារាជធានីភ្នំពេញ បានបង្គាប់ឱ្យឈ្មោះ ឌួង ឧត្តមឆវិន (ហៅ ឌួង ឆាយ) ភេទប្រុស សញ្ជាតិខ្មែរ ត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ភេទស្រី កើតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ឱ្យទៅឈ្មោះ ដេត ម៉ាលីណា ភេទស្រី សញ្ជាតិខ្មែរ ដែលត្រូវជាម្តាយ និងជាម្ចាស់បំណុលនៃការអនុវត្ត ឬប្រគល់ឱ្យមក អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ តាមអំណាចនៃដីកាសម្រេច ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានឆាប់រហ័សក្នុងរយៈពេល៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពី ថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ដប់ប្រាំពីរ និងសូន្យនាទី ជាកំហិត។
អាជ្ញាសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងករណីលោក ឌួង ឆាយ ពុំព្រមធ្វើការអនុវត្តដោយស្ម័គ្រចិត្ត និងមិនអនុវត្តតាមអំណាចនៃដីកាសម្រេចនោះទេ អាជ្ញាសាលា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត។

