សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាឈ្នះ-ចាញ់ ដែលកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា និងការសម្រេចបាន នូវចក្ខុវិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេស មានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
សម្តេចបានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវេទិកាផ្សព្វផ្សាយ ស្តីពី«វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
សម្តេចបានគូសបញ្ជាក់ថា សភា និងរាជរដ្ឋាភិបាលបាននិងកំពុងបន្តសហការគ្នា យ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តច្បាប់ និងការអនុវត្តគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យទទួលបាន នូវសមិទ្ធផល និងប្រសិទ្ធភាពខ្ពស់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូពហុវិស័យឱ្យបានកាន់តែរឹងមាំ។
ទោះយ៉ាងណាសម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅលើវិស័យបច្ចេកវិទ្យានេះ ទោះបីជាមានសមិទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ ក៏ទទួលស្គាល់ថានៅមានបញ្ហាប្រឈម និងរបាំងផ្សេងៗ ដែលចាំបាច់ត្រូវទទួលស្គាល់ បន្តសិក្សាស្វែងយល់ និងដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព សំដៅពង្រីកសក្ដានុពលរបស់វិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីការអភិវឌ្ឍជាតិ ដូចជាកង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធ ធនធាននៅមានកម្រិត និងគម្លាតក្នុងការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ហាប្រឈម ដែលយើងត្រូវធ្វើការប្តេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមនេះ។
សម្តេចប្រធានរដ្ឋសភាបានស្នើដូច្នេះថា “យើងត្រូវការជាចាំបាច់នូវវិធីសាស្រ្ត មធ្យោបាយ និងលទ្ធភាពសម្រាប់កែលម្អ និងអនុវត្តគោលនយោបាយនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសស្របតាមផែនទីបង្ហាញផ្លូវរបស់ វិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០៣០។ សង្គមទាំងមូល ត្រូវតែយល់ច្បាស់ពីតម្លៃ និងទទួលយក វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងជីវិតរស់នៅ និងការប្រកបការងារគ្រប់វិស័យ និងគ្រប់កម្រិត។ ការវិនិយោគនិងការកៀរគរធនធាន ក្នុងវិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញសេដ្ឋកិច្ចរបស់យើងឱ្យតាមទាន់សេដ្ឋកិច្ច ក្នុងតំបន់ ជាកត្តាចាំបាច់។” សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា “យើងចាំបាច់ត្រូវពង្រឹងភាពជាដៃគូវិស័យឯកជននិងសាធារណៈ សាកលវិទ្យាល័យនិងស្ថាប័នស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត”៕
