ក្រុមការងារពិសេសចំពោះកិច្ច បើកកិច្ចប្រជុំដើម្បីស្រាវជ្រាវ ពិនិត្យ និងលើកសំណើផ្តល់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលបានបំពេញការងារលើសពីរយៈពេល១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស

នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំរបស់ក្រុមការងារពិសេសចំពោះកិច្ចដើម្បីស្រាវជ្រាវ ពិនិត្យ និងលើកសំណើផ្តល់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីជាប់កិច្ចសន្យា ដែលបានបំពេញការងារលើសពីរយៈពេល១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារពិសេសចំពោះកិច្ច ដោយមានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត លោក លោកស្រី ជាអនុប្រធាន និងលោក លោកស្រី ជាសមាជិក ដែលជាតំណាងគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត។

អង្គប្រជុំបានធ្វើការពិភាក្សា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យបាននូវភាពហ្មត់ចត់ និងសុក្រឹត្យភាព ក្នុងការស្រង់ឈ្មោះ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីជាប់កិច្ចសន្យា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានបំពេញការងារលើសពីរយៈពេល១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស ដើម្បីរៀបចំនិងលើកសំណើផ្តល់គ្រឿងឥស្សរិយយស៕