សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ កំពុងមានទុក្ខជាទម្ងន់ ខណៈពេលនេះភរិយារបស់សម្ដេច គឺសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយរបស់សម្ដេច មិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ»។ នេះបើតាមការអះអាងរបស់សម្ដេចតេជោនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកនេះ។
ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន៖
«ពេលនេះ ខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយ តែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ ព្រោះមិនអាចនៅកំដរ និងមើលថែទាំភរិយាបាន។
រឿងធ្ងន់ជាងនេះ គឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។
ម្ខាងភរិយា ម្ខាងបងប្រុស ក្នុងពេលតែមួយ និងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋានក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។
រឿងចម្លែក សូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរសព្វ័មានរូបប្លែកពីគ្នានៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំ ហាក់បង្ហាញនូវការមិនអស់ចិត្ត ឬនៅអាឡោះអាល័យអ្វីមួយ។ ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរ ព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។ មិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា?និងអ្នកអបីយជំនឿបកស្រាយរបៀបណា?។»៕
