ផលិតកម្មទីក្រុងភាពយន្ត នៅព្រឹកថ្ងៃទី៦ ខែឧសភាពនេះ លិខិតសុំទោសជាសាធារណៈសុំធ្វើការសុំទោសជាសាធារណៈ និងសុំការអនុគ្រោះជាទីបំផុតពីសំណាក់ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ដោយខ្វះស្មារតីប្រុងប្រយ័ត្ននៃក្រុមការងារបានធ្វេសប្រហេសកាន់ទង់ជាតិបញ្ជ្រាស់ក្នុងកម្មវិធី «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២៣ ។
ក្រោយពីបានពិនិត្យឡើងវិញទើបដឹងថាក្រុមការងារបានកាន់ទង់ជាតិនៃប្រទេសសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រទេសសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា (ភូមា) បញ្ជ្រាស់ដោយអចេតនា ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិនាមនៃប្រជាជាតិខាងលើ។
ផលិតកម្មទីក្រុងភាពយន្ត សូមធ្វើការសុំទោសជាសាធារណៈ និងសុំក្តីអនុគ្រោះបំផុតពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋបរទេសបានទស្សនាផ្សាយផ្ទាល់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
ជាថ្មីម្តងទៀត ផលិតកម្មទីក្រុងភាពយន្ត ក្រោយចេញលិខិតសុំទោសជាសាធារណៈនេះរួច នឹងធ្វើលិខិតសុំទោសដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងដាក់លិខិតសុំទោសជូនដល់បណ្តាស្ថានទូតនៃប្រទេសខាងលើបន្ថែមទៀត។
ជុំវិញបញ្ហានេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលេីហ្វេសប៊ុកនៅព្រឹកនេះថា៖ សូមអរគុណ អ្នកប្រើប្រាស់បណ្តាញសង្គមកម្ពុជាទាំងអស់ដែលបាននិយាយពាក្យយ៉ាងពិរោះទៅកាន់ប្រទេសជាមិត្តដែលអ្នកសំដែងកម្ពុជាបានដាក់ទង់ជាតិខុស ហើយខាងផលិតកម្មថោន ក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរ៕