លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បានថ្លែងថា មានពលរដ្ឋជិត ៦០ម៉ឺននាក់ក្នុងមូលដ្ឋាន ខេត្តស្វាយរៀង ទទួលបានការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី គឺសរុបមានប្រជាពលរដ្ឋចូលរួមចំនួន ៥៨៤,៧៤៥នាក់ ក្នុងនោះស្ត្រីមានចំនួន ៣០៨,៣៤៥នាក់។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងនាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ចំនួន ៧,៨៩៥នាក់ ក្នុងនោះស្ត្រី ៥,៦៨៤នាក់ ដែលជាការគិតគូរ និងឧបត្ថម្ភគាំទ្រថ្នាំពេទ្យរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។
ពិធីព្យាបាលជំងឺនេះដឹកនាំដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងអធិការកិច្ច តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុនម៉ានី និងមានការចូលរួមពីឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការណ៍ ជាសមាជិកគណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី, លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក, លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាសាខាខេត្តស្វាយរៀងព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នាឱកាសនោះ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានមានប្រសាសន៍ថាថ្ងៃនេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងចំនួន ៦០៦នាក់ ក្នុងនោះស្ត្រី ២៥២នាក់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះអប់រំផ្សព្វផ្សាយវគ្គសង្គ្រោះបឋម ព្រមទាំងពិនិត្យសុខភាព និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យអណ្ដូងពោធិ៍ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀងបានចំនួនសរុប ៧,៨៩៥នាក់ ស្រី៥,៦៨៤នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។
លោកវេជ្ជបណ្ឌិត បានបន្តថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរក មេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួសជាដើម៕





