រយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមលេងកម្សាន្តប្រមាណជាង៣០ម៉ឺននាក់ ។ ក្នុងចំណោម អ្នកទៅលេងកម្សាន្ត ទាំងជាង៣០ម៉ឺននាក់នេះ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៨ នាក់។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា នៅថ្ងៃទី១ មានទេសចរជាតិ ដើរលេងកម្សាន្ដចំនួន ១០១,៣៦៧ នាក់ និងទេសចរបរទេសចំនួន ២៦០ នាក់។ ដោយឡែកនៅថ្ងៃទី២ មានទេសចរជាតិ ដើរលេងកម្សាន្ដចំនួន ១០៨,០០០ នាក់ និងទេសចរបរទេសចំនួន ៣០០ នាក់ និងថ្ងៃទី៣ មានទេសចរជាតិ ដើរលេងកម្សាន្ដចំនួន ១៤៨,៥៩៩ នាក់ និងទេសចរបរទេសចំនួន ៤៦៨ នាក់។

គួរបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេ ដែលរៀបចំធ្វើឡើង នៅសួនច្បារមាត់បឹងតាកែវ មានកម្មវិធីជាច្រើនត្រូវបានរៀបចំដើម្បីបង្កលក្ខណ:សប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ រួមមាន ការរត់ប្រណាំងមហាជនរយៈចម្ងាយ៥គីឡូម៉ែត្រ, ការជិះទូកកាយ៉ាក់លេងកម្សាន្តនៅបឹងតាកែវ, ការប្រកួតលេងអុក និងប្រកួតគុណខ្មែរ និងមានកីឡាជាច្រើនទៀត។
ដោយឡែកនៅពេលរាត្រីមានការសម្តែងល្ខោនយីកេ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនីល្បីៗ ការតាំងពិពណ៍សមិទ្ធផលសក្ដានុពលរបស់ខេត្តតាកែវ ព្រមទាំងមានការបង្ហោះគោម និងការអុចកាំជ្រួចដើម្បីអបអរសាទរផងដែរ៕

