សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ដែលបានស្នើសុំគោលការណ៍អនុញ្ញាតដើម្បីសាងសង់អគារសិក្សា ចំនួន ២ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣៦បន្ទប់ នៅក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងគោរពស្នើសុំប្រសិទ្ធនាមជាអំណោយ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន» ។

កាលថ្ងៃអាទិត្យ ទី២៣ ខែមីនា សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី បើកសាងសង់អគារសិក្សាថ្មី ២ខ្នង កម្ពស់៤ជាន់ មាន៣៦បន្ទប់ នៅក្នុងបរិវេណ វិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលដឹកនាំសាងសង់ដោយសម្តេចក្រឡាហោម ស ខេង។
មានប្រសាសន៍នាឱកាសនោះ សម្តេចក្រឡាហោម បានថ្លែងអរគុណចំពោះរដ្ឋបាលខេត្ត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្សទាំងអស់ នៅក្នុងវិទ្យាល័យនេត យ៉ង់ បានគាំទ្រ ជួយសម្របសម្រួលអនុញ្ញាតឲ្យយើងបានរៀបចំនូវការសាងសង់អគារនេះ។
ជាមួយគ្នានេះ សម្ដេចបានស្នើឲ្យក្រុមហ៊ុនសាងសង់ ពិនិត្យគុណភាពសំណង់ជាចំបង រៀបចំតាមស្តង់ដារច្បាស់លាស់ និយាយជារួមសូមយកចិត្តទុកដាក់លើគុណភាព។ សម្ដេចក៏បានស្នើសូមឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមថែរក្សាអនាម័យ នៅក្នុងសាលាទាំងអស់គ្នា។
សម្ដេចបានបន្ថែមថា បន្ទាប់អគារសាងសង់រួចនោះ សម្តេចនឹងស្នើសូមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពសម្ភោធដាក់ឲ្យប្រើប្រាស់។
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង សង្ឃឹមជឿជាក់ថា អស់លោក លោកស្រី ទាំងអស់នឹងចូលរួមគាំទ្រតាមលទ្ធភាព ដែលអាចធ្វើទៅបាន ហើយក៏សូមឲ្យលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ នាយក នាយករង ថ្នាក់ដឹកនាំសាលា និងមន្ទីរអប់រំ យុវជននិងកីឡា ខេត្តបាត់ដំបង មេត្តាចូលរួមគាំទ្រដើម្បីការអភិវឌ្ឍ ការសាងសង់នូវអគារសិក្សាដែលបើកការដ្ឋានថ្ងៃនេះ៕





