ចូលឆ្នាំខ្មែរឆ្នាំនេះ រថយន្តក្រុងជិត៦០០គ្រឿង ត្រៀម​ដឹកពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃ

អនុវត្តតាមប្រសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រៀមរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូន ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

រដ្ឋបាលរាជធាំនីភ្នំពេញ បានឲ្យដឹងថា រថយន្តក្រុងចំនួន ៥៩៧គ្រឿង គឺ ១-សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់បម្រើដល់ប្រតិបត្តិការតម្រាយខ្សែរត់ជាប្រក្រតីក្នុងរាជធានីភ្នំពេញ។ និង២-សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង។

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា សម្រាប់ចេញពេលវេលាចេញដំណើរ គឺចាប់ពីម៉ោង៦និង៣០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីព្រឹក។

រដ្ឋបាលរាជធាំនីភ្នំពេញ ក៏អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយកុំតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ការចំណាយ និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ៕