បុរសម្នាក់ឈ្មោះ ចក់ កុយ មាន​ចាក់សាក់ពេញមុខត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងពេលកំពុងប្រព្រឹត្តិអំពើល្មើសច្បាប់នៅស្រុកថ្មគោល​

ការប្រើប្រាស់វិធានការទាំងអស់របស់នគរបាលគឺជា​រឿងសំខាន់ មិនអាចខ្វះបាននៅក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ដែលវិធានការទាំងនោះ មានវិធានការបង្ការទប់ស្កាត់​ដោយ ការល្បាតតាមដងផ្លូវ ក្នុងមូលដ្ឋានរបស់ខ្លួន បានផ្តល់នូវប្រសិទ្ធភាព ឈានទៅបង្រ្កាបអំពើល្មើស​ច្បាប់ បានលទ្ធផលល្អ ។

ជាក់ស្តែងបានកត់សម្គាល់ឃើញ នៅវេលាម៉ោង​០០និង៣០នាទីយប់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០២៥ ឈានចូលថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ កម្លាំងទៅហើយកម្លាំងអន្តរាគមន៍របស់នគរបាល ស្រុកថ្មគោលដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច ជាអធិ​ការ ចុះល្បាតតាមគោលដៅនានាក្នុងភូមិសាស្ត្រស្រុកថ្មគោល ស្របតាមបញ្ជាដឹកនាំរបស់លោកឧត្តម​ សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រទះ​ឃើញមនុស្សគួរឱ្យសង្ស័យខណៈរូបគេកំពុងស្ពាយការ៉ុង ដែលផ្ទុកដោយឥវ៉ាន់ខាងក្នុងពេញ។

ពេលសមត្ថកិច្ចកាក់ដំណើរសាកសួរទើបដឹងថា បុរសនោះឈ្មោះ ចក់ កុយ អាយុ៣២ ឆ្នាំមានចាក់សាក់ពេញមុខ​ ពេញខ្លួន​ មានទីលំ​នៅភូមិទំនាប ឃុំតាម៉ឺនស្រុកថ្មគោលហើយឥវ៉ាន់ក្នុងការ៉ុងនោះមាន នំចម្រុះមួយចំនួនធំ -មីកំប៉ុង -បាញ់ត្រាង -ទឹកអូអ៉ីឈិក -ដូងក្រអូប -ពិល -ក្បាលទុលឡឺវ៉ិស -កូនសោអក្សរតេ និងកន្រ្តៃផង។

ឃើញដូចនេះសមត្ថកិច្ចធ្វើការសាកសួររូបគេបានឆ្លើយសារភាពថា គេទើបនឹងធ្វើសកម្មភាពគាស់តូប លក់ដូរមួយកន្លែង នៅចំណុចមុខវិទ្យាល័យថ្មគោល យកបានសម្ភារៈ ទ្រព្យសម្បត្តិខាងលើ ហើយកំពុង ធ្វើដំណើរទៅវិញក៏ជួបប្រទះនឹងកម្លាំងល្បាតរបស់សមត្ថកិច្ចតែម្តង។

ពេលនេះសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនបុរសឈ្មោះ ចក់ កុយ មកការិយាល័យជំនាញអនុវត្តបន្តតាម នីតិវិធី ច្បាប់ រីឯទ្រព្ស​សម្បត្តិបានប្រគល់ជូនម្ចាស់វិញ៕