កម្ពុជា-វៀតណាម ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខនៃប្រទេសទាំងពីរ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ង្វៀន មីញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានឯកភាគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ។

ការឯកភាពរួមគ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអនុញ្ញាតឲ្យឯកឧត្តម ង្វៀន មីញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅសាលសវនារបស់លោកសន្ដិបណ្ឌិត នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម ដែលកំពុងមានវឌ្ឍនភាពល្អប្រសើរលើគ្រប់វិស័យ ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ បើទោះបីជាសភាពការណ៍សកលមានការប្រែប្រួល និងមិនប្រាកដប្រជាក៏ដោយ តែទំនាក់ទំនងជាប្រពៃណីនៃប្រទេសទាំងពីរនៅតែល្អជិតស្និទ្ធ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានជម្រាបដល់ឯកឧត្តមឯកអគ្គរដ្ឋទូតថា កន្លងមក កម្ពុជា-វៀតណាម មានកិច្ចសហប្រតិបត្តិការល្អលើវិស័យសន្តិសុខ និងការពារជាតិ ដោយប្រទេសទាំងពីរបានបំពេញកាតព្វកិច្ចទាំងសងខាង និងចូលរួមទប់ស្កាត់បទល្មើសមិនប្រពៃណី និងបទល្មើសផ្សេងៗទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញយន្តការជាច្រើនក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀននេះ ដូចជា យន្តការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន, ការដាក់ចេញយុទ្ធនាការសម្អាតចកចេញពីផ្ទៃបឹង, ដោយការធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីរាជការ, យន្តការគ្រប់គ្រងសារធាតុញៀន និងគីមីផ្សំ ដើម្បីទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាក៏នៅតែប្រឈមនឹងការលំបាកមួយចំនួន ជាពិសេសគឺការងារព្យាបាល និងស្ដារនិតិសម្បទារបស់អ្នកញៀនគ្រឿងញៀន ខណៈបច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានមជ្ឈមណ្ឌលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនតែ២០ទីតាំងប៉ុណ្ណោះ។ ក្នុងន័យ ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់ភាគីវៀតណាម ពិចារណាផ្ដល់ជំនួយទាំងបច្ចេកទេស និងសម្ភារៈ លើការងារបន្សាបគ្រឿងញៀននៅកម្ពុជា ដោយសារវៀតណាមមានបទពិសោធន៍ច្រើនលើការងារនេះ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត ង្វៀន មីញវូ បានបង្ហាញនូវការស្ញប់ស្ញែង និងកោតសរសើរចំពោះឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងតួនាទីដ៏សំខាន់នៃរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ដែលឯកឧត្តមសន្ដិបណ្ឌិត បានជួយជ្រោមជ្រែងលើការងារសន្ដិសុខសំខាន់ៗ តាំងពីឯកឧត្តមនៅជាអគ្គស្នងការនគរបាលជាតិ ហើយបច្ចុប្បន្ននេះឯកឧត្តមបន្ដដើរតួនាទីយ៉ាងសំខាន់លើវិស័យសន្ដិសុខ ក៏ដូចជាទំនាក់ទំនងប្រទេសទាំងពីរផងដែរ។

ឯកឧត្តម ង្វៀន មីញវូ បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងយល់ឃើញថា បញ្ហាគ្រឿងញៀនជាបញ្ហាដែលស្មុគស្មាញ ហើយតម្រូវឲ្យភាគីទាំងពីរកម្ពុជា-វៀតណាម ត្រូវតែបន្ដកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត។ ឯកឧត្តមបានបញ្ជាក់ជំហរជួយដល់កម្ពុជា លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជាពិសេសពាក់ព័ន្ធការស្នើរបស់ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ភាគីវៀតណាមនឹងសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពិនិត្យលទ្ធភាពជួយលើការងារស្ដារនីតិសម្បទា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាសេនាធិការជូនរដ្ឋាភិបាល និងនាំនូវយោបល់ល្អៗ ពីកម្ពុជាទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពកាន់តែល្អប្រសើរជាមួយគ្នា។ ក្នុងន័យនេះ ឯកឧត្តមជឿជាក់ថា ឧបនាយករដ្ឋមន្ដ្រី នឹងជួយបង្កបរិយាកាសធ្វើយ៉ាងណា ដើម្បីឲ្យក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា បន្ដធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាបន្ដទៀត។

បន្ថែមពីនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងពីកត្តាប្រឈមនឹងបញ្ហាគ្រឿងញៀន ដោយសារតែកម្ពុជា និងវៀតណាម ស្ថិតនៅក្បែរតំបន់ត្រីកោណមាស ដូច្នេះហើយប្រទេសទាំងពីរត្រូវមានវិធានការរួមគ្នាដើម្បីទប់ស្កាត់។ ឯកឧត្តមឯកអគ្គរដ្ឋទូត ង្វៀន មីញវូ ក៏បានមើលឃើញដូចគ្នាដែរ ពីបញ្ហានៅតំបន់ត្រីកោណមាស ជាបញ្ហាសំខាន់ដែលប្រទេសវៀតណាម និងកម្ពុជា ត្រូវសហការគ្នាឲ្យកាន់តែរឹងមាំ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន និងព្យាយាមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃគ្រឿងញៀន។

ជារួមក្នុងជំនួបនេះ ទាំងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកឧត្តមឯកអគ្គរដ្ឋទូត ង្វៀន មីញវូ បានឯកភាពគ្នាទាំងស្រុងក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង៕