ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៥ បានបញ្ជាក់ថា ការត្រាស់បង្គាប់នេះ គឺដោយ ព្រះករុណាបានទ្រង់យល់ សម្តេចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជួយចូលរួមកសាងនយោបាយឈ្នះ-ឈ្នះ និងបានចូលរួមដឹកនាំកសាងប្រព័ន្ធច្បាប់ សម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមបានល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនេះ ទ្រង់បានយល់ សម្តេចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរពស្រឡាញ់ របស់ប្រជារាស្ត្រ មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួម យ៉ាងសកម្មក្នុងវិស័យមនុស្សធម៌ និងចូលរួមការពារនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦មីនាឆ្នាំ២០២៥ បានផ្ញើសារលិខិតអបអរសាទរចំនួន២ដាច់ដោយឡែកពីគ្នា ផ្ញើជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងថាការទទួលបាននូវការត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិនេះ គឺពិតជាសក្តិសមនឹងវីរភាពដ៏អង់អាចក្លាហាន ប្រកបដោយសមត្ថភាព ទេពកោសល្យ ភាពជាអ្នកដឹកនាំ គុណសម្បត្តិដ៏បវរថ្លៃថ្លា ការលះបង់ប្តូរផ្តាច់ និងស្មោះ ស្ម័គ្រ ចំពោះជាតិនិងមាតុភូមិ ជាពិសេសស្វាមីភក្តិដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះរាជបល្ល័ង្ក និងការគោរព ប្រតិបត្តិខ្ជាប់ខ្ជួននូវព្រះពុទ្ធសាសនា ក្រោមបាវចនា ជាតិ សាសនា ព្រះមហាមហាក្សត្រ ។
សម្តេចតេជោជឿជាក់យ៉ាងមុតមាំថា នៅក្នុងឋានៈជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ នៃកងយុទ្ធពលខេមរភូមិន្ទ សម្តេច នឹងបន្តបុព្វហេតុនៃបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា សម្រេចបាននូវសមិទ្ធផលថ្មីៗកាន់តែ វិសេសវិសាលថែមទៀត ជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិ និងរាជានិយមកម្ពុជា៕

