ស្ពានអាកាសមរតកតេជោ គឺជាសា្ពនអាកាសដែលសាងសង់ឡើងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ,មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ពាននេះ បានរចនាប្លង់យ៉ាងល្អឯកឥតខ្ចោះ មានកម្ពស់ពីរជាន់ និងសាងសង់ឡើងដោយក្រុមវិស្វករខ្មែរ។

បើតាមអាជ្ញាធររាជធានីភ្នំពេញ ស្ពានអាកាសនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ខណៈតាមផែនការគ្រោងទុក គឺបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២៥។
ស្ពានអាកាសមរតកតេជោ ត្រូវបានចាត់ទុក ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា និងសម្រួលដល់ការធ្វើដំណើរប្រកបការងារ ជាពិសេស ការជួយលើកកម្ពស់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ ។

គួរបញ្ជាក់ថា ស្ពានអាកាសមរតកតេជោ គឺជាស្ពានអាកាសទី៨នៅក្នុងរាជធានីភ្នំពេញ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយចំណាយថវិកាប្រមាណ ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។ ស្ពាននេះមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ ហើយមានសាងសង់ស្ពានអាកាសចំនួនពីរជាន់ ។
ក្នុងនោះស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថី សម្តេចតេជោ ហ៊ុន សែន ,ស្ពានព្រះមុនីវង្ស ,មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថី សម្តេចតេជោ ហ៊ុន សែន៕


