លោក ប៊ុន ផាក ប្រកាសចូលខ្លួនទៅបំភ្លឺនៅស្នងការរាជធានីភ្នំពេញ ថ្ងៃទី២១ ខែមីនា ដែលកោះហៅពីឯកឧត្តម ជួន ណារិន្ទ 

លោក ប៊ុន ផាក នឹងចូលខ្លួនស្រាយបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ តាមការកោះហៅរបស់ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី 21 ខែ មីនាខាងមុខនេះ។ 

លោក ប៊ុន ផាក បានឲ្យដឹងលើបណ្តាញសង្គមផ្ទាល់ខ្លួនថា ខ្ញុំជឿទៅលើការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ហើយខ្ញុំនឹងធ្វើការបកស្រាយពីសំណេរដែលខ្ញុំបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃ 15 ខែមីនា កន្លងទៅ។ 

លោកបានពន្យល់ថា ចំពោះសំណេរនេះ ដំបូងគឺខ្ញុំចង់បង្ហាញពីការព្រួយបារម្ភចំពោះករណីដែលបានកើតឡើងទៅលើមិត្តភក្តិរបស់ជនបរទេសឈ្មោះ Christ ដែលត្រូវបានចោរឆក់កាបូបនៅព្រឹកថ្ងៃ 15 ខែមីនា។ ភ្លាមៗនោះ ខ្ញុំក៏បានបញ្ចេញមតិទៅលើបណ្តាញសង្គមថា៖ “កំចាត់ក្មេងទំនើង និងចោរប្លន់ឱ្យបាន ទើបយើងអាចនិយាយបានថា យើងមានសន្តិភាព”។

លោកបន្ថែមថា ជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ ពាក្យសន្តិភាពគឺសំដៅទៅលើ ភាពសុខសាន្តរបស់ប្រទេសជាតិ ប្រទេសគ្មានសង្គ្រាម ប្រជាជនរស់នៅដោយស្ងប់សុខ គ្មានភាពវឹកវរ គ្មានការព្រួយបារម្ភ មានសុវត្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាក់ស្តែងយើងឃើញថា ប្រទេសយើងមានសន្តិភាពពេញលេញហើយ តែបញ្ហាក្មេងទំនើង និងចោរលួច ចោរប្លន់នៅតែកើតមានជាហូរហែរជារឿងធម្មតា ប្រទេសណាក៏មានដូចគ្នាដែរ ហើយយើងក៏ឃើញពីសកម្មភាពដ៏សស្រាក់សស្រាំរបស់សមត្ថកិច្ចក្នុងការបោសសំអាតមេរោគសង្គមទាំងនោះដែរ។ 

ក្នុងនាមជាពលរដ្ឋម្នាក់រស់នៅក្រោមម្លប់សន្តិភាព លោក ប៊ុន ផាក ក៏ចង់ឃើញប្រទេសកម្ពុជាមានភាពសុខសាន្ត រស់នៅគ្មានការព្រួយបារម្ភ និងទទួលបានការការពារពីស្ថាប័នមានសមត្ថកិច្ច និងមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ក្នុងនាមជាពលរដ្ឋដែលកំពុងរស់នៅក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ 

លោកបានញ្ជាក់ថា ក្នុងន័យនេះ ខ្ញុំមិនមានចេតនាទុច្ចរិតក្នុងការបំភ្លៃព័ត៌មានមិនពិត ឬធ្វើការវាយប្រហារទៅកាន់ស្ថាប័ន្ធសាធារណៈណាមួយឡើយ វាគ្រាន់តែជាការចូលរួមចំណែកឈឺឆ្អើលរឿងអសន្តិសុខក្នុងសង្គម ក្នុងគោលបំណងរក្សារឱ្យបាននូវសន្តិសុខ និងសន្តិភាពជូនប្រជាពលរដ្ឋក្នុងនាមជាអ្នកចែករំលែកចំណេះដឹងមួយរូបប៉ុណ្ណោះ។