នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃកម្ពុជា ព្រះរាជានុញ្ញាតឱ្យមន្ត្រីសង្ឃ ខេត្តត្រាវិញ ដឹកនាំដោយព្រះតេជគុណព្រះគុណ គឹម ថាំង មន្ត្រីសង្ឃសាលាគណខេត្តត្រាវិញ និងសហការីចំនួន៤ព្រះអង្គ រួមជាមួយថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បានចូលក្រាបបង្គំគាល់ នៅព្រះរាជដំណាក់វត្តមុនីសុវណ្ណ (ចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ មន្រ្តីសង្ឃខេត្តត្រាវិញ ទាំង ៤ព្រះអង្គ បានចូលក្រាបថ្វាយបង្គំគាល់នាំយកនូវវត្តប្រណិប័តន៍តាមទំនៀមនៃបវេណីព្រះពុទ្ធសាសនា ថ្វាយចំពោះ សម្តេចជាអម្ចាស់ និងថ្វាយនូវសេចក្តីក្រាបគោរពនឹករលឹកនិងទូលសាកសួរអំពីព្រះរាជសុខភាព ព្រះតេជព្រះគុណ គឹម ថាំង បានក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាសុមេធាធិបតី ថាការនិមន្តមកចូលក្រាបបង្គំគាល់ នាពេលនេះមានគោលបំណងពីរធំៗគឺ៖ ១.ដើម្បីទូលថ្វាយ សម្តេចជាអម្ចាស់ ពីស្ថានភាពនៃការបដិបត្តិធម្មវិន័យ និងការសិក្សារៀនសូត្ររបស់ព្រះសង្ឃគ្រប់កម្រិតពុទ្ធិកសិក្សានៅនៅទីនោះ។ ទី២. សូមព្រះបរមរាជានុញ្ញាតពី សម្តេចជាអម្ចាស់ ដើម្បីឱ្យសមណសិស្សដែលបានបញ្ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិនៅខ្មែរកម្ពុជាក្រោម បានមកបន្តការសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ លើឯកទេស ៣ សំខាន់ៗ គឺឯកទេសភាសាបាលី-សំស្រ្កឹត ទស្សនវិជ្ជាព្រះពុទ្ធសាសនា និងអក្សរសាស្ត្រ។
សម្តេចព្រះមហាសុមេធាធិបតី ទ្រង់បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវសេចក្តីនឹករលឹកសាកសួរសុខទុក្ខ ចំពោះគណៈប្រតិភូព្រះសង្ឃ ដែលបានចូលមកក្រាបបង្គំទូលថ្វាយព្រះអង្គ។
សម្តេចជាអម្ចាស់ ក៏ទ្រង់ទទួលយកនូវសំណូមពរខាងលើដោយព្រះរាជហឫទ័យរីករាយ និងបានត្រាស់ឡើងថា មានតែការសិក្សារៀនសូត្រនេះទេ ទើបអាចកសាងបាននូវមូលធនមនុស្សមានគុណភាពពិតប្រាកដ ដើម្បីជាការចូលរួមចំណែកសំខាន់ក្នុងការពង្រឹង វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន និងតាំងនៅស្ថិតស្ថេរយូរអង្វែងបាន។ លើសពីនេះទៀត សម្តេចជាអម្ចាស់ នឹងសម្របសម្រួលរកវត្តដែលនៅជិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សម្រាប់គង់បន្តការសិក្សា និងបានត្រាស់ផ្តាំផ្ញើដល់សមណសិស្សទាំងអស់ឱ្យខិតខំស្វាធ្យាយសិក្សា និងត្រូវចេះយកអាសារគ្នា ដើម្បីចូលរួមកសាង អភិវឌ្ឍ សហគមន៍ដែលខ្លួនកំពុងសិក្សា គង់នៅឱ្យមានការរីកចម្រើនគង់វង្សតរៀងទៅ។



