ស្ថានីយ​បូមទឹកលូ៥ នៅ​ខ​ណ្ឌមានជ័យ សាងសង់​សម្រេច​បាន៧៥%ហើយ​

គិតត្រឹមថ្ងៃទី១៧ ខែមិនា ២០២៥ ការរងារសាងសង់ស្ថានីយបូមទឹកលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្រេចបាន ៧៥% នៃគម្រោងទាំងមូល ។

បើតាមលោកសំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃ១៨មិនានេះថា៖ការសាងសង់ស្ថានីយបូមទឹកលូ៥ ដោយបំពាក់ បន្ថែមម៉ូទ័របូមទឹកខ្នាតធំ ទំហំមុខកាត់១.៥ម៉ែត្រចំនួន ២គ្រឿង និងទំហំមុខកាត់ ១ម៉ែត្រ ចំនួន១គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា៖ស្ថានីយ៍បូមទឹកនេះ នឹងកាត់បន្ថយការជនលិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌសែន សុខ និងខណ្ឌពោធិ៍សែនជ័យ ។

លោក សំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគម្រោងសាងសង់ស្ថានីយបូមទឹកលូ៥ បានចាប់ផ្តើមបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ដោយគ្រោងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ។