ឯកអគ្គរដ្ឋទូតចិន រំពឹងថា ផ្លូវថ្មើរជើងនៅភ្នំពេញ នឹ​ងក្លាយជាគោលដៅទាក់ទាញទេស​ចរចិន​កា​ន់តែច្រើន

ឯកឧត្ដម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន ប្រចាំកម្ពុជា បានបង្ហាញក្តីរំពឹងថា ផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ នឹ​ងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរចិន មកលេងកម្ពុជាកាន់តែច្រើន។

នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម វ៉ាង វិនពីន បានសរសេរថា «ចាប់តាំងពីបើកដំណើរការនាឆ្នាំនេះមក វិថីថ្មើរជើងនៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានក្លាយជាកន្លែងកម្សាន្តចុងសប្តាហ៍ដ៏ពេញនិយម សម្រាប់អ្នករស់នៅក្នុងតំបន់ និងភ្ញៀវទេសចរ សង្ឃឹម ថាការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌ និងការកម្សាន្តផ្សេងទៀតនៅលើដងវិថីនេះ នឹងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន។»

គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងនោះគឺត្រូវអនុវត្តន៍មួយសប្ដាហ៍២ថ្ងៃ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។ ការដាក់ឲ្យដំណើរផ្លូវនេះ គឺក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងកម្សាន្តនៅក្នុងរាជធានីភ្នំពេញ។

ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេសប្រជា​ពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ។ ចំនួនអ្នកមក​លេងកម្សាន្តយ៉ាងច្រើន​កុះករនៅថ្ងៃចុងសប្តាហ៍ បានធ្វើ«ផ្លូវថ្មើរជើង» នេះ បានក្លាយទីកន្លែងកម្សាន្តដែលមានប្រជាប្រិយភាព និងវ៉ាដាច់កន្លែងកម្សាន្តនានានៅក្នុងរាជធានីភ្នំពេញ បើទោះបីទើបតែបើកសាកល្បងបានជាង១ខែ ប៉ុណ្ណ៉ោះ ៕