រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណារឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង ៤០ប្រទេស ក្នុងនោះមានកម្ពុជា ដែលស្ថិតក្នុងបញ្ជីពណ៌លឿង។ ផែនការពណ៌លឿង ទឹកក្រូច និងក្រហម របស់សហរដ្ឋអាមេរិកនេះ បាននិងកំពុងក្លាយជាប្រធានបទថ្មី សម្រាប់អ្នកតាមដានស្ថានការណ៍យកមកជជែកវែកញ៉ែក នៅលើបណ្ដាញសង្គមមួយចំនួនទូទាំងពិភពលោកនិយាយជារួម និងសម្រាប់កម្ពុជា និយាយដោយឡែក។
ជុំវិញបញ្ហានេះដែរ អ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានចូលខំមិនសាកសួរទស្សនៈយល់ឃើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផងដែរ។ ឆ្លើយតបនឹងសំណួរនេះ នៅថ្ងៃទី១៧ ខែមីនា សម្តេចតេជោ បានលើកឡើងថា៖ «នេះជាសិទ្ធរបស់រដ្ឋមួយដែលគេកំណត់ដោយខ្លួនគេ។ សម្រាប់យើងមិនចាំបាច់កើតទុក្ខទេសំខាន់យើងប្រឹងកសាងប្រទេសយើងឲ្យរឹងមាំឡើង»។
យោងតាមសារព័ត៌មានអាមេរិក The New York Times បានចុះផ្សាយថា ផែនការរឹតបន្តឹងទិដ្ឋាការថ្មីនេះ នឹងត្រូវបែងចែកជា ៣ដំណាក់កាលធំៗ ដោយក្រុមប្រទេសស្ថិតក្នុងបញ្ជីពណ៌ក្រហម នឹងមិនអនុញ្ញាតឲ្យចូលអាមេរិកដាច់ខាត ពណ៌ស្លាទុំសម្រាប់រឹតបន្តឹងទិដ្ឋាការចំពោះភ្ញៀវទេសចរណ៍ និងជនអន្តោប្រវេសន៍ ខណៈពណ៌លឿង មិនតម្រូវឲ្យផ្ដល់ទិដ្ឋាការឲ្យ ប៉ុន្តែមានសិទ្ធតវ៉ារយៈពេល ៦០ថ្ងៃ ។
សម្រាប់ពលរដ្ឋជាប់ក្នុងបញ្ជីពណ៌លឿង ដែលមានបំណងទៅអាមេរិក មានសិទ្ធតវ៉ាទាមទារទិដ្ឋាការរយៈពេល ៦០ថ្ងៃ ហើយបើសិនជាហួសពេលកំណត់ នឹងត្រូវដាក់ឈ្មោះទៅក្នុងបញ្ជីពណ៌ស្លាទុំ ឬពណ៌ក្រហម។
យ៉ាងណាមិញ បច្ចុប្បន្នផែនការមួយនេះ កំពុងត្រូវបានពិនិត្យដោយរដ្ឋបាលលោក ត្រាំ ហើយវាអាចនឹងមានការប្រែប្រួលបន្ថែមទៀត ដ្បិតវាមិនទាន់ទទួលបានការយល់ព្រម និងចូលជាធរមាននៅឡើយ។ ស្របគ្នានឹងកម្ពុជា មិនទាន់ទទួលបានការជូនព័ត៌មានផ្លូវការណាមួយនៅឡើយដែរ ពាក់ព័ន្ធនឹងករណីនេះ ហើយក្រសួងការបរទេសកម្ពុជា ក៏កំពុងស្វែងរកព័ត៌មានបន្ថែមតាមផ្លូវការទូតផងដែរ៕
អត្ថបទ៖ អក្ខរា
