ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ។ ចំនួនអ្នកមកលេងកម្សាន្តយ៉ាងច្រើនកុះករនៅថ្ងៃចុងសប្តាហ៍ បានធ្វើ«ផ្លូវថ្មើរជើង» នេះ បានក្លាយទីកន្លែងកម្សាន្តដែលមានប្រជាប្រិយភាព និងវ៉ាដាច់កន្លែងកម្សាន្តនានានៅក្នុងរាជធានីភ្នំពេញ បើទោះបីទើបតែបើកសាកល្បងបានជាង១ខែ ប៉ុណ្ណ៉ោះ ។

តាមបណ្តាញសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ រដ្ឋបាលរាជធានីភ្នំពេញ តែងរៀបចំមានការសម្ដែងសិល្បៈបុរាណ ប្រពៃណី សម័យ បណ្ណាល័យចល័ត កន្លែងលក់ដូរ និងកន្លែងកម្សាន្តសប្បាយផ្សេងៗ ខុសៗពីគ្នាជារៀងរាល់សប្ដាហ៍ ។ ជាក់ស្ដែង នៅសប្ដាហ៍ទី២ ខែមីនា នេះ អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំឱ្យមានល្ខោនខោល ដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ នៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសម្រាប់ថ្ងៃអាទិត្យ មានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ហើយចាប់តាំងពីថ្ងៃដាក់ឱ្យសាកល្បងលើកដំបូង រហូតមកដល់ពេលនេះ គឺរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ដោយប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។
គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងនោះគឺត្រូវអនុវត្តន៍មួយសប្ដាហ៍២ថ្ងៃ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។ ការដាក់ឲ្យដំណើរផ្លូវនេះ គឺក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងកម្សាន្តនៅក្នុងរាជធានីភ្នំពេញ៕



