គួរឲ្យសរសើរ! ក្រុមការងារ CPP ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង រៀបចំបុណ្យកតញ្ញូជូនចាស់ព្រឹទ្ធាចារ្យសរុបចំនួន ១,៥០០នាក់

លោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានថ្លែងថា ចាស់ព្រឹទ្ធាចារ្យ គឺជាធនធានមនុស្សដ៏មានតម្លៃ បំផុតក្នុងសង្គមជាតិ ដែលបានចូលរួមការពារសុខសន្តិភាព និងមានបទពិសោធន៍ និងស្នាដៃរាប់មិនអស់ ក្នុងការផ្តល់នូវដំបូន្មានល្អៗ មកដល់មនុស្សជំនាន់ក្រោយ ជាពិសេសបានចូលរួមថែរក្សាការពារ នូវតម្លៃប្រពៃណី វប្បធម៌ខ្មែរ ដូច្នេះយើងជាកូន ចៅប្រុសស្រីគ្រប់ៗរូប ទោះជាស្ថិតក្នុងស្ថានភាពជីវភាពយ៉ាងណាក៏ដោយ ត្រូវតបស្នង និងកតញ្ញូ ជូនចំពោះពួកគាត់ មិនត្រូវមើលរំលងនោះឡើយ។

លោកថ្លែងបែបនេះ កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងពិធីបុណ្យកតញ្ញូ ជាលក្ខណៈប្រមូលផ្តុំ ជូនចំពោះលោកតា លោកយាយ ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើង សរុបចំនួន១,៥០០នាក់ (នៅវត្តសុវណ្ណមយូរ៉ា ហៅវត្តក្ងាន ឃុំស្វាយលួង ស្រុកកណ្តៀង និងនៅវត្តពុទ្ធរង្សី ហៅវត្តពុទ្ទ្រាម ឃុំអូរសណ្តាន់ ស្រុកក្រគរ) ក្រោមការរៀបចំឡើងដោយក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។

លោកបានថ្លែងថា បុណ្យកតញ្ញូកតទេវី ដែលបានប្រារព្ធធ្វើជូនលោកតា លោកយាយ ចាប់ពីអាយុ៦៥ឆ្នាំឡើងជាលក្ខណៈប្រមូលផ្តុំ ចំនួន១,៥០០នាក់ ដែលអញ្ជើញមកពីឃុំស្វាយលួង ស្រុកកណ្តៀង និងឃុំកំពង់ពោធិ៍ និងឃុំអូរសណ្តាន់ ស្រុកក្រគរ ដែលកន្លងមកក្រុមការងារបានធ្វើរួចមកហើយ នៅឃុំរាំងទិល ឃុំកញ្ជរ ឃុំត្នោតជុំ និងបន្តគ្រប់ឃុំ ទាំង២ស្រុក ឱ្យបានចប់សព្វគ្រប់មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។

លោក បានវាយតម្លៃថា លោកតា លោកយាយ ពិតជាមានគុណតម្លៃ ចំពោះសង្គមគ្រួសារ និងសង្គមជាតិ គឺមិនអាចគណនា និងកាត់ថ្លៃបានឡើយ គឺតែងតែបណ្តុះបណ្តាល អប់រំ លះបង់អាត្មានិយម ផ្តល់នូវក្តីស្រឡាញ់ មេត្តា ករុណា សាមគ្គីភាពភាព ក្នុងមហាគ្រួសារនិងសង្គមជាតិ ប្រកបដោយសេរីភាព សមភាព និងភាពថ្លៃថ្នូសុខដុមរមា ក្រោមម្លប់សន្តិភាពស្ថេរភាព។ ក្នុងនាមក្រុមការងារ អាជ្ញាធរដែនដី និងកូនចៅប្រុសស្រី សូមលំឱនកាយគោរពដឹងគុណ ចំពោះលោកតា លោកយាយ លោកឳពុក អ្នកម្តាយទាំងអស់ ដែលជានិច្ចកាលតែងតែទូន្មានប្រៀនប្រដៅកូនចៅ សាងតែអំពើរល្អនៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ ដោយបានចាត់ទុកថា លោកតា លោកយាយ តែងតែគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ បញ្ជាក់ឱ្យឃើញពីភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់មកលើថ្នាក់ដឹកនាំ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ៕