សម្តេចក្រឡាហោម ស ខេង សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបជាមួយ ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបតែងតាំងថ្មី ដោយក្នុងជំនួបនេះសម្តេចបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ង្វៀន មិញវូ ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំកំពូល និងប្រជាជននៃប្រទេសទាំងពីរ ហើយជឿជាក់ថាតាមរយៈតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនឹងបន្តរួមចំណែកជំរុញ និងលើកកម្ពស់ដល់ស្មារតីនៃទំនាក់ទំនងនេះឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀតរវាងប្រទេស និងប្រជាជនប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណ និងបានជម្រាបជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្តេចក្រឡាហោម ស ខេង និងបានកត់សម្គាល់ចំពោះការរួមចំណែកយ៉ាងសកម្មក្នុងរយៈពេលកន្លងមករបស់សម្តេចក្រឡាហោម ក្នុងការពូនជ្រុំដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងវិស័យនៃការទទួលខុសត្រូវរបស់សម្តេចនៅក្នុងរយៈពេលកន្លងមក។
ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្នទោះបីជាសម្តេចមិននៅក្នុងរាជរដ្ឋាភិបាលក៏ដោយ ក៏សម្តេចនៅតែបន្តខិតខំចូលរួមចំណែកតាមគ្រប់លទ្ធភាពដល់ការពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរដដែល៕

