សៀវភៅ«រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ» ១ពាន់ក្បាល នឹងត្រូវចែកផ្សាយក្នុងសន្និបាតសមាគមឧកញ៉ាកម្ពុជា

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន, លោក ទូច សុឃៈ អ្នកនិពន្ធ បាននាំយកសៀវភៅ «រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ» ចំនួន១ពាន់ក្បាល ចែកជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងពិធីបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ា ក្រោមអធិបតីភាព សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា។

លោក ទូច សុឃៈ អ្នកនិពន្ធ បានឱ្យដឹងថា សៀវភៅ “រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ”នេះ ទទួលបានការជួយបោះពុម្ពដោយអ្នកឧកញ៉ា លី យូគៀត ដើម្បីចែកជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា បានសិក្សាស្វែងយល់ពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា បន្ថែមលើការចែកជូនសាធារណជន សិស្សានុសិស្ស និងថ្នាក់ដឹកនាំគណបក្សជាប្រយោជន៍ កន្លងទៅ។

លោក បានបន្ថែមថា សៀវភៅនេះមានមេរៀនចំនួន២៥ ដែលបានសរសេររំលេចពីជីវិតពិត គំរូវីរភាព ភាពបត់បែន ភាពច្បាស់លាស់ បទពិសោធន៍ជ្រៅជ្រះ ដែលថ្នាក់ដឹកនាំដ៏ឆ្នើមរបស់យើងគឺ សម្តេចតេជោ ដែលលោកបានឆ្លងកាត់ការដឹកនាំប្រទេសជាតិ ចាប់តាំងពីបាតដៃទទេ តស៊ូរំដោះប្រទេសជាតិពីរបប ប៉ុល ពត រហូតដល់ទទួលបានសុខសន្តិភាព ស្ថិរភាពក្នុងប្រទេស និងរៀបចំអ្នកបន្តវេន ដើម្បីធ្វើយ៉ាងណាឱ្យព្រះរាជាណាចក្រកម្ពុជាយើង នៅតែបន្តស្ថិតក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍចម្រើនរុងរឿងប្រកបដោយចីរភាព។

សូមបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានចុះបញ្ជីជាសមាគមស្របច្បាប់ និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដែលមានលោក លី យ៉ុងផាត់ ជាប្រធានសមាគម និងលោក ហ៊ុន សែន ជាប្រធានកិត្តិយស។ ចំណែក ចំនួនឧកញ៉ា បានឡើងដល់ជិត១៣០០នាក់ គិតត្រឹមដើមខែមិថុនាឆ្នាំ២០២៣ ក្នុងនោះមាន ”អ្នកឧកញ៉ាជិត៦០រូប”។ នៅកម្ពុជា ឧកញ៉ាត្រូវបែងចែកជា៣ថ្នាក់ ទី ១គឺ ឧកញ៉ា ទី២ អ្នកឧកញ៉ា និងទី៣ គឺលោកអ្នកឧកញ៉ា ដែលជាគោរមងារខ្ពស់បំផុតនៃគោរមងារ ឧកញ៉ានៅកម្ពុជា៕