ចំពោះមុខសម្តេចតេជោ ឯកអគ្គរដ្ឋទូតឥណ្ឌាប្តេជ្ញាជំរុញអ្នកវិនិយោគ និងពលរដ្ឋឥណ្ឌា មកកម្ពុជាកាន់តែច្រើន

ឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំកម្ពុជា ប្តេជ្ញានឹងខិតខំប្រឹងប្រែងជំរុញអ្នកវិនិយោគ និងពលរដ្ឋឥណ្ឌា មកកម្ពុជាកាន់តែច្រើន។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសជួបសម្ដេចតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលា និងអនុញ្ញាតឲ្យឯកឧត្តម បានជួបសម្ដែងការគួរសមក្នុងពេលដែល ឯកឧត្ដម ជាឯកអគ្គរដ្ឋទូតថ្មីនៅពេលនេះ។ ឯកឧត្តម បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដែលមានភាពល្អប្រសើរជាមួយគ្នា ជាពិសេសទំនាក់ទំនងទាំងក្នុងកិច្ចសហប្រតិបត្តិការផ្នែកនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ហើយ ឯកឧត្តមបានប្ដេជ្ញាចិត្តថា ក្នុងអាណត្តិរបស់ឯកឧត្តម ជាឯកអគ្គរដ្ឋទូត និងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀត រួមទាំងស្ថាប័ននីតិបញ្ញត្តិប្រទេសទាំងពីរ កាន់តែស្អិតរមួត ក៏ដូចជាការផ្លាស់ប្ដូរទំនាក់ទំនងទ្វេភាគី រវាងថ្នាក់ដឹកនាំទាំងនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ឱ្យមានការកើតឡើងថែមទៀត។

ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានរំលេចដែលថា កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង ចាប់តាំងពីឆ្នាំ១៩៥២ មក ខណៈដែលឆ្នាំ២០២៧ ខាងមុខ គឺជាខួប៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ឯកឧត្តម បានរំលេចអំពីការត្រៀមខ្លួនរបស់ឥណ្ឌា ដោយធ្វើការងារជាមួយកម្ពុជា ដើម្បីរៀបចំពិធីអបអរសាទរខួបទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យមានការចាប់អារម្មណ៍ខ្លាំង ។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមក៏បានរំលេចដែរថា មានចំណុចសំខាន់ៗជាច្រើនទៀត ដែលប្រទេសទាំងពីរ ត្រូវការពង្រឹងបន្ថែមទៀត ដូចជា៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាដើម ក្នុងការញ៉ាំងនូវទំនាក់ទំនងទាំងនយោបាយរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ ។

សម្ដេចតេជោ ហ៊ុន សែន សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ និងសាទរចំពោះ ឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងសង្ឃឹមថា ក្នុងអាណត្តិរបស់ ឯកឧត្តម ជាអ្នកបំពេញការទូត គឺនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឥណ្ឌាកាន់តែល្អប្រសើរបន្ថែមទៀត ខណៈដែលយើងកំពុងមានទំនាក់ទំនងល្អមានស្រាប់នៅពេលនេះ ។ សម្តេចតេជោបានសំដែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី ឥណ្ឌា-កម្ពុជា កន្លងមក ដែលមានភាពល្អប្រសើរ ប៉ុន្តែ សម្ដេច ចង់ឃើញទំនាក់ទំនងនេះឈានទៅដល់មួយកម្រិតបន្ថែមទៀត ជាពិសេស ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយសម្ដេចតេជោ បានជំរុញឱ្យមានការផ្លាស់ប្ដូរទំនាក់ទំនងទស្សនកិច្ចទ្វេភាគីរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ។

សម្ដេចតេជោ ក៏បានលើកនូវការកើនឡើងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ ប៉ុន្តែការកើនឡើងនេះ នៅមិនទាន់សមស្របនឹងសក្ដានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនោះទេ ដោយបច្ចុប្បន្ននេះពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា មានប្រមាណតែជាង ៣៤០លានដុល្លារទេ ដូច្នេះសម្ដេចចង់ឃើញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ក៏ដូចជាវិនិយោគ មានការកើនឡើងបន្ថែមទៀត ស្របទៅនឹងសក្ដានុពលនៃសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។

សម្ដេចតេជោប្រធានរដ្ឋស្ដីទី ក៏បានលើកឡើងដោយជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា បន្ថែមទៀត ខណៈកន្លងមក យើងមានដែរ ប៉ុន្តែសង្ឃឹមថា នឹងមានការកើនឡើងបន្ថែមទៀត ដើម្បីភ្ជាប់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ព្រោះប្រទេសឥណ្ឌា មានប្រជាជនច្រើន ហើយសម្ដេចសង្ឃឹមថា នឹងមានទេសចរឥណ្ឌា មកកាន់ប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត ដោយភ្ញៀវទេសចរឥណ្ឌា មកកាន់កម្ពុជាកាលពីឆ្នាំ២០២៤ គឺមានរហូតដល់៧ម៉ឺននាក់រួចហើយដែរ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ឯករដ្ឋអគ្គរដ្ឋទូត មានប្រសាសន៍ឆ្លើយតបទៅនឹងប្រសាសន៍របស់សម្ដេចតេជោ ទាក់ទងនឹងពាណិជ្ជកម្ម ដោយ ឯកឧត្តមបានសន្យាផងដែរថា នឹងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ដោយជំរុញការធ្វើទំនាក់ទំនងអ្នកវិនិយោគ ពលរដ្ឋឥណ្ឌា មករកស៊ី ក៏ដូចជាមកទស្សនានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ប្រទេសទាំងពីរ ឥណ្ឌា-កម្ពុជា មានចំណងមិត្តភាព ក៏ដូចជាមានការទាក់ទងគ្នាយូរអង្វែងមកហើយ។ ក្នុងន័យនេះ ការប្ដេជ្ញាក្រោមអាណត្តិរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះជាមួយកម្ពុជា ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានរំលេចពីវិស័យអប់រំ ដែលឥណ្ឌា បានចូលរួមចំណែកជួយដល់កម្ពុជាផងដែរ ហើយ សម្ដេចតេជោ ក៏បានស្វាគមន៍ គាំទ្រ និងឯកភាពផងដែរ ដោយកន្លងមក ឥណ្ឌាបានផ្ដល់អាហារូបករណ៍ដល់វិស័យអប់រំកម្ពុជា ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ផ្ដល់អាហារូបករណ៍ដល់ព្រះសង្ឃ ជាបន្តបន្ទាប់ រួមនឹងការចូលរួមចំណែកផ្ដល់ជំនួយដល់កម្ពុជា ក្នុងគ្រាលំបាក តាំងពីឆ្នាំ១៩៨១ ក្រោយពីសម្ដេចតេជោ បានទៅទស្សនកិច្ចក្នុងប្រទេសឥណ្ឌា ក្នុងពេលដែល សម្ដេច ជារដ្ឋមន្ត្រីការបរទេស ។ ដូច្នេះ ជំនួយរបស់ឥណ្ឌា បានជួយមកប្រទេសកម្ពុជា ជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពទំនាក់ទំនងប្រទេសទាំងពីរ គឺមានភាពល្អប្រសើរ និងត្រូវតែបន្តពូនជ្រំឱ្យកាន់តែរឹងមាំបន្ថែមទៀត៕