គម្រោងសាងសង់វិទ្យាស្ថានពហុជំនាញតេជោសែន ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានចាប់ផ្ដើមបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ការកសាងវិទ្យាស្ថានពហុជំនាញតេជោសែន គឺជាការផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឆ្លើយតបសេចក្តីត្រូវការចាំបាច់ក្នុងការលើកកម្ពស់សមត្ថភាពជំនាញកងទ័ពឱ្យទំនើប រៀបរយ និងមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យនៃការបណ្តុះបណ្តាលក្នុងប្រទេស ដែលជាយុទ្ធសាស្ត្រអាទិភាព។
ឯកឧត្តម បានគូសបញ្ជាក់ថា ក្រោយពីការសាងសង់រួច វិទ្យាស្ថានពហុជំនាញតេជោសែន នឹងក្លាយជាសមិទ្ធផលលើកដំបូង និងមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពជើងគោក ក្នុងការកសាងធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ លើមុខជំនាញមួយចំនួន មានដូចជា៖ ជំនាញរថក្រោះ រថពាសដែក ជំនាញកាំភ្លើងធំ ជំនាញការពារអាកាស ជំនាញបញ្ជូនសារ និងជំនាញគីមីសាស្ត្រ។
ឯកឧត្តម អគ្គមេបញ្ជាការ បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខប្រកបដោយថាមពល ក្នុងនោះ វិស័យការពារជាតិ បានខិតខំជំរុញការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ពិសេស ការងារហ្វឹកហ្វឺនបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទ ដើម្បីក្លាយជាកម្លាំងទំនើប រៀបរយ មានវិជ្ជាជីវៈ ឆ្លើយតបប្រកបដោយប្រសិទ្ធភាព គ្រប់ស្ថានការណ៍ ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិទ្យាទំនើប៕
