ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានសាសន៍ថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក។ ស្របជាមួយបញ្ហាអសន្តិសុខសកល ដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ចរិត បានឆ្លៀតឱកាសបង្កើនសកម្មភាព និងឧបាយកលរបស់ខ្លួន ក្នុងការផលិត ចែកចាយ ជួញដូរ និងចរាចរ ជាពិសេសនៅតំបន់ ត្រីកោណមាស និងអឌ្ឍច័ន្ទមាស។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែឈរលើគោលការណ៍ដ៏រឹងមាំមុតស្រួចមួយ លើការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពចម្បងបំផុត និងដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធីសាស្ត្រ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទាន់ពេលនូវរាល់បញ្ហា និងការពារថែរក្សាសង្គមកម្ពុជា ជា សង្គម ស្អាតស្អំ ដែលគ្រឿងញៀនលែងជាឧបសគ្គដល់កិច្ចអភិវឌ្ឍជាតិ។
ឯកឧត្ដម ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គូសរំលេចថា យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល វិធានការ គន្លឹះទាំង៥ និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសការសម្រេចបន្តដាក់ចេញ «ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ដែលនឹងត្រូវប្រកាស ផ្សព្វផ្សាយនា រសៀលនេះ សុទ្ធតែជាសក្ខីភាពដ៏ប្រត្យក្សមួយអំពី គោលនយោបាយមុតស្រួច ប្រឆាំងនឹងគ្រឿងញៀន របស់រាជរដ្ឋាភិបាល។ បន្ថែមពីលើនេះទៀត ជាមួយចក្ខុវិស័យវែងឆ្ងាយ និងការដោះស្រាយមុតស្រួចចំបញ្ហា សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ នូវយុទ្ធសាស្ត្រដ៏មានស័ក្តិសិទ្ធិភាពមួយ គឺ «គោលការណ៍សម្អាតចក ចេញពីផ្ទៃបឹង» ក្នុងការចាត់វិធានការម៉ឺងម៉ាត់ចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ដែលមានការជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានលើក លែង ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពគំរូនៃការអនុវត្តច្បាប់។
បើយោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការ នៃគ្រឿងញៀនសកល ជាពិសេស ពីតំបន់ត្រីកោណមាស។ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបង្ហាញថា បទល្មើសគ្រឿងញៀន ពុំមានការថមថយនោះទេ បើធៀបនឹងឆ្នាំ២០២៣។
ជាក់ស្តែងនៅឆ្នាំ២០២៤ ចំនួនករណីគ្រឿងញៀនដែលបង្ក្រាបបានកើន៣១,៨៤% និងគ្រឿងញៀន ចាប់យកកើន៣៩៩% ក្នុងនោះសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១០.៦៣០ករណី កើនឡើង ២.៥៦៧ករណី ស្មើ ៣១,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ឃាត់ខ្លួនជន សង្ស័យចំនួន ២៧.០៧១នាក់ កើន ៣៥,៥៣% , គ្រឿងញៀនចាប់យក ១៤តោន៩០៩គីឡូក្រាម កើនឡើង ១១ តោន៩២០ គ.ក្រ ស្មើ៣៩៨,៨២% (កើន៤ដង បើធៀបឆ្នាំ២០២៣)។ ដោយឡែកសារធាតុគីមីផ្សំរឹបអូសបានចំនួន ៣៥៤ គីឡូក្រាម ថយចុះ ១តោន១១៥ គ.ក្រ ថយចុះ ៧៦%បើធៀបនឹងឆ្នាំ២០២៣៕


