ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា ការប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ដោយយកការបោះឆ្នោតជាយន្តការសម្រេចក្នុងការជ្រើសរើសមេដឹកនាំ។ ការបោះឆ្នោតត្រូវធ្វើឡើងជាទៀងទាត់រយៈពេល៥ឆ្នាំម្តង ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយកំណត់យកមតិភាគច្រើនជាអ្នកឈ្នះ និងដឹកនាំប្រទេស។ ដំណើរការប្រជាធិបតេយ្យ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយសុខសន្តិភាព និងកាន់តែចាក់គ្រឹះរឹងមាំជាលំដាប់នៅលើទឹកដីកម្ពុជា។
ឯកឧត្តម ប៉ែន បូណា បានបន្តថា ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេច គឺនៅលើមតិភាគច្រើន មានន័យថា គ្មានក្រុមណាមួយត្រូវបានទាត់ចោលទេ។ អ្នកនៅក្នុងក្រុមមតិភាគតិច ក៏មានសិទ្ធិបញ្ចេញមតិ និងលើកពីសំណូមពរនានាបានដែរ។ ប្រសិនបើមតិយោបល់ ឬសំណូមពរទាំងនោះសមហេតុផល ក្រុមមតិភាគច្រើនអាចយកទៅពិចារណាដើម្បីជាធាតុចូល ឬដោះស្រាយតាមការជាក់ស្តែង។ ប៉ុន្តែ ប្រសិនបើមតិយោបល់នោះមិនសមហេតុផល ឬគ្រាន់តែដើម្បីបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួន ដូចដែលក្រុមមនុស្សមួយចំនួនបានធ្វើ គ្មានការចាំបាច់ដែលត្រូវលើកយកមកពិចារណាឡើយ។
ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា នៅកម្ពុជា មានមនុស្សមួយចំនួនតូច ជាពិសេសក្រុមដែលប្រកាន់មនោគមន៍វិជ្ជាជ្រុលនិយមហួសហេតុ ហាក់ដូចជាកំពុងវង្វេងនៅលើវិថីប្រជាធិបតេយ្យនេះ ដោយពួកគេហៅខ្លួនឯងថា «អ្នកប្រជាធិបតេយ្យ» ប៉ុន្តែ អ្វីដែលពួកគេធ្វើ ផ្ទុយស្រឡះពីគន្លងប្រជាធិបតេយ្យ។ ជាក់ស្តែង ពួកគេចាញ់ឆ្នោតតែបែរជាដេញអ្នកឈ្នះឆ្នោតឱ្យចុះចេញពីតំណែង។ ពួកគេកៀរគរមនុស្សមួយចំនួនតូច ដែលពេលខ្លះមិនដល់១%ផង ឱ្យធ្វើបាតុកម្មហើយដាក់សម្ពាធលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ អាក្រក់ជាងនេះ ពួកគេប៉ុនប៉ងប្រើកម្លាំងក្រៅច្បាប់ដែលហៅថា ចលនា «បដិវត្តន៍ពណ៌» ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
ឯកឧត្តម ប៉ែន បូណា ក៏បានថ្លែងថា ក្រៅពីនោះ នៅមានក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលបង្កើតឡើងដោយមនុស្សមួយក្រុមតូច បែរជាតាំងខ្លួនជាតំណាងប្រជាពលរដ្ឋ ហើយដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ ក៏ដូចជាក្រុមអ្នកនយោបាយជ្រុលនិយមដែរ ក្រុមអង្គការសង្គមស៊ីវិលលម្អៀងទាំងនោះ តែងយករឿងអវិជ្ជមានតិចតួចដែលកើតឡើងក្នុងសង្គមទៅធ្វើជាមូលដ្ឋាន ក្នុងការវាយតម្លៃសភាពការណ៍ទូទាំងប្រទេសដោយមិនខ្វល់ទាល់តែសោះ ពីចំណុចវិជ្ជមានដ៏ច្រើនលើសលប់ដែលរាជរដ្ឋាភិបាលសម្រេចបាន។
បើតាមឯកឧត្តម ប៉ែន បូណា ដើម្បីពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា ជម្រើសមានតែមួយគត់ គឺការប្រើប្រាស់យន្តការបោះឆ្នោត ដោយគោរពតាមការសម្រេចចិត្តរបស់ប្រជាពលរដ្ឋភាគច្រើន និងគោរពច្បាប់កម្ពុជា។ រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតដែលទទួលសំឡេងគាំទ្រភាគច្រើនលើសលប់ពីប្រជាពលរដ្ឋមានការទទួលខុសត្រូវខ្ពស់និងមានគោលនយោបាយដែលត្រូវអនុវត្តតាមការសន្យាជាមួយម្ចាស់ឆ្នោត ដោយមិនអនុញ្ញាតឱ្យក្រុមណាមួយ មកបង្កភាពវឹកវរក្នុងសង្គមតាមទំនើងចិត្តបានឡើយ។
ដូច្នេះ ឯកឧត្តម ប៉ែន បូណា បានស្នើសូមអ្នកវង្វេងប្រជាធិបតេយ្យទាំងឡាយយល់ឱ្យច្បាស់និងគួរតែប្រញាប់កែខ្លួនជាបន្ទាន់ ពោលគឺ កែរបៀបធ្វើការឱ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ បើមិនដូច្នោះទេ ត្រូវកែឈ្មោះដោយមិនត្រូវតាំងខ្លួនជា «អ្នកប្រជាធិបតេយ្យ» ទៀតទេ ពីព្រោះអំពើរបស់អ្នកមិនឆ្លុះបញ្ចាំងពីគោលការណ៍ប្រជាធិបតេយ្យឡើយ តែវាគឺជាការបំផ្លាញប្រជាធិបតេយ្យទៅវិញទេ៕




