ឯកអគ្គរដ្ឋទូតសិង្ហបុរី៖​ សម្ដេចតេជោ​ គឺជារដ្ឋបុរសរបស់ប្រជាជនកម្ពុជា និងជាមេដឹកនាំដោយមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយបញ្ហាផ្សេងៗ

លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែមានគតិបណ្ឌិត ពិសេសក្នុងការដោះស្រាយបញ្ហា ទាំងបញ្ហាតំបន់ និងបញ្ហាពិភពលោក ដោយលោកជំទាវបានមានប្រសាសន៍ថា សម្ដេចតេជោគឺជារដ្ឋបុរសរបស់ប្រជាជនកម្ពុជា និងជាមេដឹកនាំដោយមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ 

ការលើកឡើង​របស់លោកជំទាវឯកអគ្គរដ្ឋទូត​ ក្នុងឱកាសចូលជួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន​ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥​ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាមួយគ្នានោះ​ លោកជំទាវក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំបន្តវេនាពេលបច្ចុប្បន្ននេះ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលរហូតមកដល់ពេលនេះ គឺរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ លោកជំទាវសង្ឃឹមថា លោកជំទាវនឹងបានឃើញនូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចជា ការសម្ពោធនៅព្រលានយន្តហោះថ្មី និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតរបស់កម្ពុជា ក្នុងអាណត្តិលោកជំទាវ ជាឯកអគ្គរដ្ឋទូតសិង្ហបុរី។

ក្នុងឱកាសខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦ខាងមុខនេះ កិច្ចព្រមព្រៀងទាក់ទងទៅនឹងឥណទានកាបោន (Carbon Credit) រវាង ប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី នឹងអាចធ្វើឡើងរួចរាល់ ដើម្បីបង្ហាញឱ្យពិភពលោកបានដឹងថា ប្រទេសយើងទាំងពីរបានយកចិត្តទុកដាក់អំពីការប្រែប្រួលអាកាសធាតុ នៅក្នុងពិភពលោកទាំងមូល។

សម្ដេចតេជោបានលើកឡើងថា ​ជំនួបទ្វេភាគី និងផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជានិងសិង្ហបុរីជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ​ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងអំពីការជំរុញនិងពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជានិងសិង្ហបុរីបន្ថែមទៀត ដែលរហូតមកដល់ពេលនេះ មានខ្ទង់ជាង១ពាន់លានដុល្លារ ហើយសង្ឃឹមថាតាមរយៈឱកាសខួប៦០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ។

សម្ដេចតេជោក៏បានលើកឡើងពីជើងហោះហើរត្រង់រវាងកម្ពុជា និងសិង្ហបុរី ដែលពេលនេះគឺមានកំណើនគួរឱ្យកត់សម្គាល់ ហើយសម្ដេចចង់ឃើញការហោះហើរត្រង់ឱ្យច្រើនបន្ថែមទៀត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ៕